បាត់ដំបង ៖ ជាង៣៤២គីឡូក្រាម ត្រូវបានដុតកំទេចចោល ក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំឡើងនៅអាកាសយានដ្ឋានខេត្តបាត់ដំបង ដែលមានមន្រ្តីពាក់ព័ន្ធចំនួន៦ ចូលរួម មាន ខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យន និងខេត្តសៀមរាបកាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៥។
ពិធីនេះធ្វើឡើងក្រោយអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
ក្នុងដីកាសម្រេច ដុតបំផ្លាញគ្រឿងញៀន របស់ព្រះរាជអាជ្ជា នៃអយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង យល់ឃើញថា សំណុំរឿងព្រហ្មទណ្ឌ របស់សាលាដំបូង និងអយ្យាការអមសាលាដំបូង ខេត្តទាំង ៦ សរុបមានចំនួន ៦៧៩ សំណុំរឿង និងសរុបគ្រឿងញៀន ទាំង ៩ ប្រភេទ គឺមានទម្ងន់ ប្រភេទក្រាម មានទម្ងន់ ៣៤២ ៣៨៧,៤៥ ក្រាម និងប្រភេទគ្រាប់ មានចំនួន ៣៣៥៦២ គ្រាប់ និងវត្ថុតាងមួយចំនួនទៀត ត្រូវដុតបំផ្លាញចោលនាពេលនេះ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកទិវា ដ៏មានអត្ថន័យនេះ គឺជាថ្ងៃដ៏មានសារសំខាន់ដែលរំលឹកឡើង ឲ្យយើងទាំអស់គ្នា បាឃើញពីការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែង ដោយស្មារតីមុះមុត និងចលនាជាតិកម្ពុជា ក្នុងការចូលរួមប្រយូទ្ធប្រឆាំង គ្រឿងញៀននានា តាមគ្រប់រូបភាពវិធីសាស្ត្រ និងយូទ្ធសាស្ត្រ សំដៅធ្វើយ៉ាងណា កាត់បន្ថយនិង ឈានដល់ការ លុបបំបាត់គ្រឿងញៀនចេញពីសង្គមកម្ពុជា។
កម្ពុជាពិតជាមានមោទនភាព ដែលត្រូវបានទទួលការវាយតម្លៃ ពីការិយាល័យ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម ជាប្រទេសគំរូមួយ ក្នុងការ ប្រារព្ធទិវា អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីឆ្នាំ ២០២៤ កន្លងទៅនេះ ៕
អត្ថបទ៖ រុន សូរិយា វិទ្យុជាតិចំការចេកខេត្តបាត់ដំបង