វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ ៦ ២៥
អន្តរជាតិ៖ អនុរដ្ឋមន្ត្រីការបរទេសបានប្រកាសក្នុងអំឡុងកិច្ចប្រជុំ Primakov Readings លើកទី១១ ដែលជាវេទិកាអន្តរជាតិសម្រាប់អ្នកប្រាជ្ញ និងអ្នកជំនាញថា ប្រទេសរុស្ស៊ីកំពុងសហការយ៉ាងសកម្មជាមួយសមភាគីអ៊ីរ៉ង់ ហើយបានផ្តួចផ្តើមសេចក្តីព្រាងសេចក្តីសម្រេចនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា "យើងបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអ៊ីរ៉ង់របស់យើង ហើយនឹងបានផ្តួចផ្តើមដំណើរការនៃសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ"។ លោកបានរំលឹកថា កិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ក៏ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃចន្ទផងដែរ។ ការកើនឡើងកម្តៅនេះបានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមិថុនា នៅពេលដែលអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ មិនដល់ ២៤ម៉ោងផង ទីក្រុងតេអេរ៉ង់បានឆ្លើយតបជាមួយនឹងការវាយប្រហារសងសឹកវិញ។ ប្រាំបួនថ្ងៃកន្លងមកគឺនៅថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាម៉េរិកបានចូលរួមក្នុងការកើនឡើងនេះ ដោយយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិកបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី៕