ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានកម្មវិធីអាទិភាពទាំង ៥ ជាង៥២ភាគរយ

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៤ ០៦ ២៥

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានកម្មវិធីអាទិភាពទាំង ៥ ជាង៥២ភាគរយ បើប្រៀបធៀបដូចគ្នានៅក្នុងឆ្នាំ២០២៤ គឺសម្រេចបានខ្ពស់ជាង។

    ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានឱ្យដឹងថា វឌ្ឍនភាពដែល សម្រេចបានតាមរយៈការអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ កម្មវិធីទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ កម្មវិធីទី៣. ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ កម្មវិធីទី៤. លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងកម្មវិធីទី៥ . ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។ តាមរយៈរបាយការណ៍បានបញ្ជាក់ថា៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកម្មវិធីអាទិភាពទាំង ៥ ខាងលើ សម្រេចបានជារួម ៥២,២៥% ។
ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលជាច្រើនស្របតាមផែនការ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៥ ដែលជាការបង្ហាញអំពីការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
    ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលជាមគ្គទេសក៍ពោរពេញដោយសមត្ថភាព និងឆន្ទៈយ៉ាងមុតមាំ ដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។ 
ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍មួយចំនួនដើម្បីពង្រឹងប្រសិទ្ធភាពការងារទាំងផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលលើវិស័យអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្ដរភាព ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូល បានបង្ហាញស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះយន្ដការរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់បញ្ហាលើបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទន្ទឹមនឹងយន្តការទ្វេភាគីដើម្បីថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស ព្រមទាំងបានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់ប្រភេទដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែនមិនឱ្យអ្នកណាចូលឈ្លានពានបានឡើយ៕