នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រមទាំងត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ សម្ភារបច្ចេកទេសដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំងក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក គោសុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងប្រតិភូអមដំណើរជាច្រើនរូបទៀត នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
លោក គោសុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍ថា មន្រ្តីរាជការ ប្រជាពលរដ្ឋ និងកម្លាំងទាំងអស់គឺបានបង្ហាញការគាំទ្រជានិច្ចរាល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរឧត្តមប្រយោជន៍ជាតិ ការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាមួយនឹង ការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។ លោកបន្តថា ខេត្តប៉ៃលិនជាតំបន់ដែលមានភូមិសាស្រ្តនៅជាប់ព្រំដែនកម្ពុជា ថៃ ស្របពេលដែលមានការឮគំរាមកំហែងពីខាងក្រៅ រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធបានត្រៀមលក្ខណ:រួចរាល់ក្នុងករណីមានហានិភ័យកើតឡើង និងការគិតគូរពិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយរដ្ឋបាលខេត្តត្រៀមលក្ខណៈគ្រប់ពេលវេលា និងរង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំជានិច្ច។
នាឱកាសនោះ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការរៀបចំហ្វឹកហាត់ និងត្រៀមកងកម្លាំង ក្នុងការជួយថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ទូទាំងខេត្តប៉ៃលិន។
ឯកឧត្តមរដ្ឋលេខាធិការក៏បានជំរុញដល់កងកម្លាំងទាំងអស់ ត្រូវផ្ដោតលើការពង្រឹងស្មារតីទំនួលខុសត្រូវ ការបង្កា និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពង្រឹងការអនុវត្តការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវបន្តហ្វឹកហាត់សមត្ថភាពបន្ថែមទៀតនិងរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយព័ត៌មានមិនពិតដែលឃោសនាញុះញង់អុចចអាល និងធ្វើការបដិសេធបំភ្លឺឲ្យបានទាន់ពេលវេលា។ ម្យ៉ាងទៀតស្នងការនគរបាលខេត្តត្រូវត្រៀមលក្ខណៈដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីដើម្បីរៀបចំសណ្ដាប់ធ្នាប់សន្តិសុខទីកន្លែងបណ្ដោះអាសន្នក្នុងករណីពលករចំណាកស្រុកឡប់មកប្រទេសកម្ពុជាវិញ។
ឧត្តមបានមានប្រសាសន៍បន្តថាទៀតថា៖ កងកម្លាំងទាំងអស់ត្រូវសាមគ្គីភាពគ្នាក្នុងអង្គភាព និងរួបរួមគ្នាជាធ្នង់មួយក្នុងការការពារព្រំដែនប្រទេសយើង និងអនុវត្តបទបញ្ជាថ្នាក់ដឹកនាំឲ្យបានម៉ើងម៉ាត់ និងសូមសម្តែងកោតសសើរចំពោះវីរភាពអង់អាចក្លាហានរបស់កងកម្លាំងយើងទាំងអស់ដែលនៅជួរមុខព្រមទាំងជួរក្រោយ ហើយយើងទាំងអស់គ្នាត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជឿជាក់ក្នុងការដោះស្រាយបញ្ហាព្រំដែននិងបញ្ហាផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលយើង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានប្រគល់សម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនដែលជាអំណោយរបស់ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ហើយអំណោយនោះរួមមាន៖ អង្ករចំនួន ១តោន , ទឹកសុទ្ធ ១៥០កេស, ទឹកស៊ីអ៊ីវ ៥០យួរ, ទឹកត្រី ៥០យួរ, មីជាតិ ៥០កេសតូច និងត្រីងៀត ២០គីឡូក្រាម សម្រាប់ផ្តល់ជូនកម្លាំងផងដែរ៕