វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ភាពពិសពុលប្រកបដោយកលល្បិលរបស់រដ្ឋាភិបាលថៃនិងយោធាថៃបានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមការកាឡៃនូវរឿងរ៉ាវផ្សេងៗ ហើយបែរជាមកចោទប្រកាន់កម្ពុជាទៅវិញពាក់ព័ន្ធបញ្ហាព្រំដែន ។
ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា ភាពពិសពុលទាំងមេដឹកនាំថៃនិងយោធាថៃបានស្តែងឡើងតាមរយៈដែលមានជម្លោះផ្ទៃក្នុងប្រទេសខ្លួនបានទាញភ្ជាប់ជាមួយព្រំដែនកម្ពុជា-ថៃ ។
“ភាពពិសពុល ចរិតខូចរបស់រដ្ឋាភិបាលនិងកងទ័ពថៃបានស្តែងឡើងយ៉ាងច្បាស់លាស់មែនទែន ។ មុនដំបូងរុញរឿងព្រំដែន ឲ្យតែមានជម្លោះផ្ទៃក្នុងរបស់ខ្លួនក្នុងការដណ្តើមអំណាចរវាងរដ្ឋាភិបាល និងយោធាថៃតែងតែបានរុញមកព្រំដែនកម្ពុជា យកកម្ពុជាជាចំណាប់ខ្មាំង ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ដើម្បីមានលេសចោទរដ្ឋាភិបាលគ្រប់គ្រងបូរណភាពទឹកដីមិនបាន ចឹងទេយោធាត្រូវតែធ្វើរដ្ឋប្រហារដណ្តើមអំណាច ។ នេះជាទម្លាប់យូរហើយ ដែលតែងតែកើតមាន ។ ជម្លោះលើកមុនរឿងប្រាសាទព្រះវិហារដូចគ្នាដែរ ។ ឥឡូវកើតឡើងដដែលបង្ករឿង ហើយរុញមកឲ្យកម្ពុជាជាអ្នកចូលរួមពាក់ព័ន្ធ”។
ឯកឧត្តម ប៉ែន បូណាបន្តថា សរុបជារួមមក កម្ពុជារងគ្រោះពីការចោទប្រកាន់របស់រដ្ឋាភិបាល និងយោធាថៃដែលបាននិងកំពុងធ្វើសកម្មភាពដូចសព្វថ្ងៃនេះ ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានមើលឃើញពីចរិតរបស់មន្រ្តីរដ្ឋាភិបាលនិងយោធាថៃថា គឺជាចរិតកូនក្មេងដែលចាំតែអង្គុយបង្ករឿងជាមួយកម្ពុជា ។
ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមប៉ែន បូណាក៏បានផ្តល់អនុសាសន៍ទៅភាគីថៃថា គួរតែបញ្ឈប់សកម្មភាពបង្កព្យុះភ្លៀងជាមួយកម្ពុជាបន្តទៀតទៅពាក់ព័ន្ធបញ្ហាព្រំដែនដែលបានទាញភ្ជាប់ទៅករណីនេះករណីនោះមកចោទប្រកាន់កម្ពុជាដោយគ្មានទិសតំបន់៕