វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥
MC. ក្រុមការងារបច្ចេកទេសផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ ជុំវិញប្រាសាទអង្គរវត្ត ក្នុងគោលបំណងសិក្សានូវចំណុចហានិភ័យ នៃរចនាសម្ព័ន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុលឱ្យរឹងមាំឡើងវិញ។
លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគ នៅខឿនជាន់ទី១ ជុំវិញប្រាសាទអង្គរវត្តនេះ មានប្រវែងសរុប៩៥០ម៉ែត្រ។ លោកថា ការបំពេញការងារអស់រយៈពេល១២ខែកន្លងមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រហើយ ដោយកិច្ចការសម្រង់ប្លង់នេះ មានសារ:សំខាន់ណាស់ ដើម្បីសិក្សាពីស្ថានភាពហានិភ័យនានានៃរចនាសម្ព័ន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។លោកបន្តថា ជាលទ្ធផលនៃការសិក្សាឃើញថា បង្កាន់ដៃនាគ និងខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត មានចំណុចមួយចំនួន ទទួលរងនូវហានិភ័យខ្ពស់ ដោយថ្មបង្កាន់ដៃនាគ មិនមានលំនឹង និងខឿនស្រុតចុះ ដោយសារតែកត្តាអាយុកាលនៃសំណង់ កត្តាធម្មជាតិ ទឹកហូរច្រោះ និងសត្វល្អិតជាដើម។
ការងារនេះសំខាន់មែនទែន យើងធ្វើសម្រង់ប្លង់នេះ ដើម្បីដឹងពីមូលហេតុ ពីហេតុផលកន្លែងណាដែលមានហានិភ័យខ្ពស់ កន្លែងណាដែលគេធ្លាប់ជួសជុលពីមុនមក កន្លែងណាមិនទាន់ជួសជុល ហើយយើងមើលវាមិនមែនតែបង្កាន់ដៃនាគទេ វាចែកជារចនាសម្ព័ន្ធរបស់វា វាមានខ្លួននាគ មានជើងទម្រនាគ វាមានទ្រនាប់ជើងទម្រនាគ បន្ទាប់មកវាមានគ្រឹះជាន់ទី១។ អីចឹងយើងមើលទៅកន្លែងខ្លះមានហានិភ័យមែនទែន ដូចជាចំណុចនោះមួយខ្ញុំធ្លាប់ធ្វើការជួសជុល ប៉ុន្តែអត់ទាន់បានធ្លាក់មកទេ អីចឹងយើងត្រូវធ្វើសម្រង់ប្លង់ជុំវិញ ឱ្យបានអស់មួយរយភាគរយ បន្ទាប់មកបានលើកជាកញ្ចប់ ដើម្បីសុំធ្វើការជួសជុល។
បើតាមអ្នកជំនាញបញ្ជាក់ថា បន្ទាប់ពីការធ្វើសម្រង់ប្លង់រួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលពង្រឹងបង្កាន់ដៃនាគនេះ ទៅតាមដំណាក់កាលៗជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២២-២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងបង្កាន់ដៃនាគ និងខឿនជណ្ដើរ នៅទិសខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានជោគជ័យរួចមកហើយ៕