ឯកឧត្តម នេត្រ ភក្ត្រា៖ ស្មារតីរួមសុខរួមទុក្ខដែលផ្សារភ្ជាប់រវាងមន្ត្រីរាជការ ប្រជាពលរដ្ឋ ជាមួយកងទ័ពជួរមុខ បានក្លាយទៅជាខឿនការពារជាតិដ៏រឹងមាំនៅតាមព្រំដែន

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ២៤ ០៦ ២០២៥

     ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងថវិកា ដល់កងកម្លាំងដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន ដែលបានប្ដូរផ្ដាច់ ការពាររាល់គ្រប់ការឈ្លានពានទាំងឡាយ ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ជាពិសេសការធានាដល់ការការពារ ជាតិ សាសនា និងព្រះមហាក្សត្រ នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល៩៥ ស្ថិតនៅភូមិធម្ម ជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ ។
នាឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ស្មារតីរួមសុខរួមទុក្ខដែលផ្សារភ្ជាប់រវាងមន្ត្រីរាជការ ប្រជាពលរដ្ឋ ជាមួយកងទ័ពជួរមុខ បានក្លាយទៅជាខឿនការពារជាតិដ៏រឹងមាំនៅតាមព្រំដែន។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន រួមទាំងសប្បុរសជនទាំអស់ សូមសម្តែងនូវការគោរព និងកោតសរសើរចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពកម្ពុជាទាំងអស់ ក្នុងបុព្វហេតុរក្សា ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាច្រើនដែលប្រើប្រាស់ facebook មានបណ្ដាញសង្គម បានចូលរួមជាមួយដល់កងកម្លាំងជួរមុខក្នុងការការពារប្រជាជាតិ ដោយពួកគាត់ទោះបីជាមិនបានមកផ្ទាល់ ក៏ប៉ុន្តែគាត់ខំមិនរាល់សារដែលគាត់បានបញ្ចេញ គឺបានបង្ហាញអំពីទឹកចិត្តដ៏បរិសុទ្ធចំពោះបងប្អូនកងទ័ព។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទោះបីជាគាត់មិនមានអាវុធនៅក្នុងដៃ ប៉ុន្តែនៅក្នុងសមរភូមិព័ត៌មាន គាត់បានជួយក្នុងការទប់ស្កាត់និងការវាយបកទៅនឹងសត្រូវ ដែលព្យាយាមក្នុងការបំផ្លាញមុខមាត់កម្ពុជា ។ 
« នៅក្នុងសមរភូមិទាំងអស់ គឺសមរភូមិដែលយើងបានបុកខ្លាំង គឺសមរភូមិព័ត៌មាន ដែលបានឈ្នះ នៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញអំពីល្បិចកលរបស់អ្នកឈ្លានពាន បង្ហាញអំពីភាគីម្ខាងទៀតដែលតាំងខ្លួនជាជនរងគ្រោះ ក៏ប៉ុន្តែខ្លួនឯង គឺជាអ្នកដែលបំពាន ហើយដែលតែងតែជាអ្នកដែលបំផ្លាញនិងរុញបញ្ហាផ្ទៃក្នុងរបស់ខ្លួនមកឱ្យប្រទេសជិតខាងរបស់ខ្លួនលំបាកដូចខ្លួនដែរ។ រដ្ឋាភិបាលរបស់ខ្លួនអសមត្ថភាពក្នុងការដឹកនាំមិនអាចគ្រប់គ្រងកម្លាំងទ័ពបាន មិនអាចសម្រេចចិត្តក្នុងការធ្វើកិច្ចការនេះបាន។  កម្ពុជាកំដរជានិច្ចនៅក្នុងសមរភូមិទាំងអស់ដែលក្រោមការដឹកនាំរបស់សម្ដេចអធិបតី។ នេះហើយគឺជាភាពអង់អាចក្លាហានមួយដែលកម្ពុជាយើងតូចមែនប៉ុន្តែការរួបរួមជាតិរបស់យើងធំ។»
   ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ថែមទៀតថា  ប្រទេសគេធំប៉ុន្តែបែកបាក់ជាតិគ្រប់មជ្ឈដ្ឋានទាំងអស់ សូម្បីតែរដ្ឋាភិបាលក៏មិនអាចគ្រប់គ្រងបាន កម្លាំងទ័ពផ្សេង រដ្ឋាភិបាលស៊ីវិលផ្សេង ប៉ូលីសផ្សេង ព្រះបរមរាជវាំងផ្សេង នេះហើយដែលជាចំណុចធំតែប្រហោងក្នុង ប៉ុន្តែប្រទេសកម្ពុជាតូចតែតាន់ នេះគឺជាចំណុចដែលយើងមើលឃើញពីភាពខ្លាំងរបស់យើង។ 
ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថា ការរួបរួមកម្លាំងសាមគ្គីភាព នៅក្រោមដំបូលនៃមជ្ឈមណ្ឌលសាមគ្គីភាពដែលមានសម្ដេចតេជោនិងសម្ដេចអធិបតីគឺជាជនបង្គោលធំដែលសាមគ្គីភាពនិងឯកភាពជាតិរឹងមាំប្រឆាំងនឹងជនឈ្លានពាន។
  ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់បងប្អូនកងទ័ព និងកងការពារព្រំដែនទាំងអស់ ថែរក្សាសុខភាព និងបន្តពង្រឹងស្មារតីឱ្យបានខ្ជាប់ខ្ជួនក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្ដីសុខក្សេមក្សាន្ត របស់ប្រទេសជាតិ និងសូមជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ៕

ឯកឧត្តម នេត្រ ភក្ត្រា៖ ស្មារតីរួមសុខរួមទុក្ខដែលផ្សារភ្ជាប់រវាងមន្ត្រីរាជការ ប្រជាពលរដ្ឋ ជាមួយកងទ័ពជួរមុខ បានក្លាយទៅជាខឿនការពារជាតិដ៏រឹងមាំនៅតាមព្រំដែន
ឯកឧត្តម នេត្រ ភក្ត្រា៖ ស្មារតីរួមសុខរួមទុក្ខដែលផ្សារភ្ជាប់រវាងមន្ត្រីរាជការ ប្រជាពលរដ្ឋ ជាមួយកងទ័ពជួរមុខ បានក្លាយទៅជាខឿនការពារជាតិដ៏រឹងមាំនៅតាមព្រំដែន
ឯកឧត្តម នេត្រ ភក្ត្រា៖ ស្មារតីរួមសុខរួមទុក្ខដែលផ្សារភ្ជាប់រវាងមន្ត្រីរាជការ ប្រជាពលរដ្ឋ ជាមួយកងទ័ពជួរមុខ បានក្លាយទៅជាខឿនការពារជាតិដ៏រឹងមាំនៅតាមព្រំដែន