វិទ្យុជាតិកម្ពុជា៖ អត្ថបទ សេង សុវណ្ណារិទ្ធ មន្ទីរព័ត៌មានខេត្តប៉ៃលិន
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំអាគារ(គ) សាលាខេត្តប៉ៃលិន មានរៀបចំវគ្គវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ចូលក្នុងការងារគណនេយ្យភាពសង្គមខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរងក្រុង/ស្រុក, នាយករងរដ្ឋបាលក្រុង ស្រុក/ លោក លោកស្រីមន្ត្រីបង្គោលគណនេយ្យភាពសង្គមក្រុង ស្រុក, លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំងប្រាំបី, លោក លោកស្រីទទួលបន្ទុក គ.ក.ន.ក ឃុំ សង្កាត់ និងលោក លោកស្រីជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលជាច្រើនរូប។
វគ្គនេះរៀបចំឡើងក្នុងគោលបំណង បង្កើនសមត្ថភាពបន្ថែម ជូនដល់គ្រូបង្គោលថ្នាក់ក្រុង-ស្រុក និងឃុំ សង្កាត់ ដើម្បីឱ្យពួកគាត់មានសមត្ថភាពបន្ថែម ក្នុងការបណ្តុះបណ្តាលបន្ត ជូនដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង-ស្រុក និងឃុំ សង្កាត់ ព្រមទាំងអង្គភាពផ្តល់សេវា នៅថ្នាក់ឃុំ/សង្កាត់ (សាលាឃុំ/សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សាផងដែរ) ។
លោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលរបស់យើងនាថ្ងៃនេះ គឺជាការ ជួបជុំគ្នាដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីខ្លឹមសារ វិធីសាស្ត្រ វិធានការ និងការត្រួតពិនិត្យ ការទទួលបាននូវ ឱកាសស្មើគ្នារវាងបុរស និង ស្ត្រី គ្មានការរើសអើង គ្មានការប្រកាន់ គ្មាននិន្នាការភេទ ដើម្បីឱ្យគ្រប់គ្នាអាចទទួលបាន សិទ្ធិសេរីភាព ការអប់រំ ការអភិវឌ្ឍន៍ ផលប្រយោជន៍ ការចូលរួមបញ្ចេញមតិ ការការពារ ទាំងវិស័យសាធារណៈ និងឯកជន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និង សមធម៌សង្គម សំដៅធានាឱ្យបានក្នុងការបំបាត់នូវវិសមភាព និងការរើសអើងក្នុងសង្គម។
លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍បន្តថា៖ ផ្អែកតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ២០២១-២០៣០ ដែលមានគោលបំណងសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបង្កើតវប្បធម៌ប្រជាធិបតេយ្យដោយមានការចូល រួមពីប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ ក្នុងការកែលម្អ ការផ្តល់សវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ការនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកិច្ច និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានេះលោកស្រីអភិបាលរងខេត្ត ក៏បានសំណូមពរ ដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំស្វែងយល់អំពីខ្លឹមសារនេះ ឱ្យបានស៊ីជម្រៅ ពេលត្រឡប់ទៅអង្គភាព របស់ខ្លួនវិញ ត្រូវផ្សព្វផ្សាយបន្ត និងសហការគ្នាអនុវត្តតាមខ្លឹមសារ ក្នុងការគ្រប់គ្រងបុគ្គលិក ការរៀបចំផែនសកម្មភាព និងថវិកា និងដោះស្រាយបញ្ហាផ្សេងៗទៀត ត្រូវផ្តោតការយក ចិត្តទុកដាក់ ព្រមទាំងគិតគូរ ដល់ការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និង សមធម៌សង្គម ដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើនេះ មានរយៈពេលពីរថ្ងៃគឺថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៥ មានមេរៀនសិក្សាចំនួន ៥ រួមមាន៖មេរៀនទី១ ទស្សនាទាន នៃអភិបាលកិច្ចល្អ ក្នុងកិច្ចការសាធារណៈមេរៀនទី២ ទស្សនទាន និងមូលដ្ឋានគ្រឹះ នៃការបញ្ជាបយេនឌ័រ មេរៀនទី៣ ច្បាប់គោលនយោបាយ និងយន្តការនានាក្នុងការ លើកកម្ពស់សមភាពយេនឌ័រ មេរៀនទី៤ វិធានការក្នុងការលើកម្ពស់សមភាពយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម និងមេរៀនទី៥ គោលនយោបាយទប់ស្កាត់ការបៀតបៀន នៅកន្លែងធ្វើការ ផងដែរ៕