វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៦ ២០២៥
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ២ទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តកណ្តាល ដោយយានយន្តដឹកលើសទម្ងន់ចំនួន៥គ្រឿងត្រូវបានពិន័យតាមច្បាប់ដែលបានកំណត់។
ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង សហការជាមួយមន្ត្រីស្ថានីយជញ្ជីងអចល័ត ខែលជ័យ ខេត្តកំពង់ចាម និងស្ថានីយជញ្ជីងអចល័ត ព្រែកស្តី ខេត្តកណ្តាល ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងខេត្តកំពង់ចាម និងកណ្តាល ទទួលបានលទ្ធផលដូចជា ផ្លូវជាតិលេខ៦០ ពីគីឡូម៉ែត្រលេខ១៣ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រួតពិនិត្យយានយន្តចំនួន០៣គ្រឿងមានបិទឡូហ្គោ TH ផ្ទុកទម្ងន់សរុបលើសកម្រិតកំណត់ចំនួន ០២គ្រឿង ចន្លោះពី៣៥តោនដល់៥០តោន លើសទម្ងន់អនុញ្ញាត ០៥តោនដូចគ្នា និងផ្លូវជាតិលេខ២១ ពីគីឡូម៉ែត្រលេខ៤៥ ស្រុកកោះធំ ខេត្តកណ្តាល ត្រួតពិនិត្យរថយន្តចំនួន០៤គ្រឿង មានបិទឡូហ្គោ SS ផ្ទុកទម្ងន់សរុបលើសកម្រិតកំណត់ចំនួន០៣គ្រឿង ចន្លោះពី៥៧តោនដល់៦៤តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ២២តោនដល់២៩តោន។
សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៧គ្រឿង ផ្ទុកលើសទម្ងន់ចំនួន០៥គ្រឿង ចន្លោះពី៥តោនដល់២៩តោន ត្រូវបានពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០ និងសេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយាន យន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕