វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៥ ០៦ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញទស្សនៈស្របគ្នាលើគុណតម្លៃនៃមិត្តភាព និងសារៈសំខាន់របស់វិស័យទេសចរណ៍ ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។
ការបង្ហាញទស្សនៈរួមគ្នារបស់ឯកឧត្តម ហួត ហាក់ និងឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន ខាងលើនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារបុរីអង្គរ។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងកាហ្សាក់ស្ថាន មានទស្សនៈស្របគ្នាលើគុណតម្លៃនៃមិត្តភាព និងសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងបានសំដែងនូវក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិទេសចរណ៍នាពេលកន្លងមក តាមរយៈកំណើនប្រជាជនកាហ្សាក់ស្ថាន អញ្ជើញមកទស្សនាកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំប្រមាណជិត៥.០០០នាក់។
ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើនូវគំនិតផ្តួចផ្តើមគោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសន្និសីទអន្តរជាតិ ដែលគ្រោងរៀបចំនៅសាធារណរដ្ឋកាហ្សាក់ស្ថានក្នុងឆ្នាំ២០២៦ ខាងមុខ ដែលក្នុងសន្និសីទអន្តរជាតិនោះ គ្រោងនឹងគោរពអញ្ជើញថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ចែករំលែកអំពីបទពិសោធន៍ដ៏មានតម្លែបំផុតរបស់កម្ពុជា គឺដំណើរស្វែងរកសន្តិភាព និងការកសាងនិងអភិវឌ្ឍប្រទេសមួយ ដែលចាប់ផ្តើមពីបាតដៃទទេ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសាទរនូវគំនិតផ្តួចផ្តើមដ៏ល្អខាងលើ ដែលទទួលស្គាល់និងផ្តល់សារៈសំខាន់ ដល់គុណតម្លៃនៃសន្តិភាព និងការលំបាកក្នុងការស្វែងរកសន្តិភាព ដែលត្រូវការពេលរាប់ឆ្នាំទើបសម្រេចបាន ខណៈពេលដែលពិភពលោកកំពុងស្ថិត ក្នុងភាពផុយស្រួយនៃជម្លោះ និងសង្រ្គាម។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត តាមរយៈលទ្ធភាពនៃការចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី, ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់ បទពិសោធន៍រវាងស្ថាប័នទេសចរណ៍ នៃប្រទេសទាំងពីរ, ការជំរុញភាពយន្តទេសចរណ៍ (film tourism), និងការពិនិត្យលទ្ធភាពឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញភ្ញៀវទេសចរ រវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕