វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ ៦ ២៥
អន្តរជាតិ៖ កាលពីថ្ងៃអង្គារលោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៉ីបាននិយាយថា ទីក្រុងមូស្គូគាំទ្របទឈប់បាញ់រវាង អ៊ីស្រាអែលនិងអ៊ីរ៉ង់ ប៉ុន្តែលោកពិបាកនិយាយណាស់ថា តើវានឹងឋិតថេរដែរឬក៏អត់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ចំពោះបទឈប់បាញ់អ៊ីស្រាអែល-អ៊ីរ៉ង់ ដែលត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Lavrov បានលើកឡើងបែបនេះថា "វាពិបាកខ្លាំងណាស់ ដើម្បីធ្វើការសន្និដ្ឋានចុងក្រោយណាមួយនាពេលនេះ ហើយអាចទទួលបានរូបភាពច្បាស់លាស់មួយ។ សហរដ្ឋអាមេរិក ហាក់បានបញ្ចុះបញ្ចូលឱ្យអ៊ីស្រាអែល យល់ព្រមចំពោះបទឈប់បាញ់ ហើយខាងប្រទេសកាតា ក៏ហាក់បានដើរតួនាទីស្រដៀងគ្នា ក្នុងការបញ្ចុះបញ្ចូលទីក្រុងតេហេរ៉ង់"។ លោក Lavrov បានបន្តថា យ៉ាងណាមិញបន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាសហើយនោះ នៅមានសេចក្តីរាយការណ៍អំពីការវាយប្រហារបន្ត ទៅវិញទៅមករវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ព្រមទាំងអំពីការចោទប្រកាន់ថា មានការបំពានបទឈប់បាញ់ជាដើម ដូច្នេះហើយមិនគួរប្រញាប់ប្រញាល់ ធ្វើការសន្និដ្ឋានណាមួយលឿនពេកឡើយ ដោយផ្អែកលើភាពមិនទាន់ពេញលេញទាំងស្រុងនៃព័ត៌មាន។ គួរបញ្ជាក់ថា កាលថ្ងៃអង្គារលោក ត្រាំ បានប្រកាសថា បទឈប់បាញ់រវាងអ៉ីស្រាអែលនិងអ៊ីរ៉ង់ បានចាប់ផ្តើមចូលជាធរមាន បន្ទាប់ពីប្រទេសទាំងពីរ បានប្រយុទ្ធគ្នាអស់រយៈពេល១២ថ្ងៃ៕