វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ ៦ ២៥
អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានផ្សាយថា ទីប្រឹក្សាពិសេសរបស់កូរ៉េខាងត្បូងដែលស៊ើបអង្កេតការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់អតីតប្រធានាធិបតីលោក Yoon Suk-yeol កំពុងស្វែងរកដីកាដើម្បីចាប់ខ្លួនលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Cho Eun-suk ទីប្រឹក្សាឯករាជ្យដឹកនាំការស៊ើបអង្កេតទៅលើលោក Yoon និងការចោទប្រកាន់ផ្សេងទៀតបានស្នើសុំការចេញដីកាដោយនិយាយថា លោក Yoon បានបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈរបស់គាត់ក្នុងការបង្ហាញខ្លួនសម្រាប់ការសាកសួរ។ លោក Yoon បានបដិសេធការកោះហៅរបស់ប៉ូលីសលើកទីបីក្នុងការបង្ហាញខ្លួនសម្រាប់ការសាកសួរជុំវិញការចោទប្រកាន់នៃការបញ្ជាឱ្យសេវាសន្តិសុខប្រធានាធិបតីរារាំងការប៉ុនប៉ងដើម្បីចាប់ខ្លួនលោកកាលពីខែមករា និងលុបព័ត៌មាននៅលើទូរស័ព្ទសន្តិសុខដែលផ្តល់ជូនមេបញ្ជាការយោធាបីនាក់។ លោក Yoon ត្រូវបានចាប់ខ្លួននៅក្នុងការិយាល័យប្រធានាធិបតីកាលពីថ្ងៃទី១៥ ខែមករា ហើយត្រូវបានចោទប្រកាន់និងឃុំខ្លួននៅថ្ងៃទី២៦ ខែមករា ក្នុងនាមជាជនសង្ស័យថាជាមេក្រុមបះបោរ ប៉ុន្តែគាត់ត្រូវបានដោះលែងនៅថ្ងៃទី៨ ខែមីនា ខណៈដែលព្រះរាជអាជ្ញាបានសម្រេចចិត្តមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការយល់ព្រមដោះលែងរបស់តុលាការ។ គួរបញ្ចាក់ថា តុលាការធម្មនុញ្ញបានតម្កល់សំណើចោទប្រកាន់លោក Yoon កាលពីថ្ងៃទី៤ ខែមេសា ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករបស់គាត់កាលពីខែធ្នូឆ្នាំមុន និងបានដកតំណែងលោកចេញជាផ្លូវការផងដែរ៕