វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៦ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ លោក William Lafferrandre ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុន ConocoPhillips Asia Venture Pte Ltd. និងជាប្រធានគណៈកម្មាធិការកម្ពុជា នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ASEAN Business Council - US-ABC) ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក៏ដូចជាសម្តែងនូវការគោរពជម្រាបលា ក្នុងឱកាសដែលរូបលោកនឹងចូលនិវត្តន៍ពីការងារនាដើមខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោក William Lafferrandre បានពិភាក្សាអំពីបរិយាកាសទូទៅនៃស្ថានភាពសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ ក្នុងឱកាសដែលលោកនឹងចូលនិវត្តន៍ពីការងារនាដើមខែកក្កដាខាងមុខ លោក William ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជារូបឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ដែលបានផ្តល់កិច្ចសហការយ៉ាងពេញទំហឹងចំពោះរាល់កិច្ចការងារពាក់ព័ន្ធនានា តាំងពីដើមរៀងមកផងដែរ៕