វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ទាំងរាជរដ្ឋាភិបាលនិងក្រុមយោធាថៃ គួរយកពេលវេលាទៅស៊ើបអង្កេតករណីទាហានរបស់ខ្លួន បានបាញ់សម្លាប់ទាហានកម្ពុជា ដោយកុំរុញបញ្ហាមកឲ្យកម្ពុជា។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងបទអន្តរាគមន៍នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា ភាគីថៃគួរបញ្ឈប់បង្កបញ្ហាជាមួយកម្ពុជាបន្តទៀតទៅពាក់ព័ន្ធជម្លោះព្រំដែន ក្រោយពីកងទ័ព ខ្លួនបានបាញ់សម្លាប់ទាហានខ្មែរម្នាក់កាលពីព្រឹកព្រលឹមស្រាងៗថ្ងៃទី២៨ ខែឧសភា ។
សំឡេង “សូមផ្តល់អនុសាសន៍ទៅវិញ ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឈប់ទៅ ចរឹកលក្ខណៈបែបហ្នឹង កែទៅ ហើយខ្ញុំសូមថា ជំនួសឲ្យការប្តឹងផ្តល់កម្ពុជាពីករណី(ប្តឹងសម្តេចតេជោ២ករណី) អាជ្ញាធរថៃគួរយក ពេលវេលានេះទៅស៊ើបអង្កេតករណីដែលទាហានរបស់ខ្លួនបាញ់សម្លាប់កងទ័ពខ្មែរម្នាក់កាលពីថ្ងៃ២៨ ឧសភា ។ នេះគឺជាឃាតកម្មពិតប្រាកដ យកជនដៃដល់ទៅផ្តន្ទាទោស ។ នេះជាកិច្ចការដែលត្រូវធ្វើ មិនមែនធ្វើពាក្យបណ្តឹងឲ្យតែឮសំឡេងអត់ប្រយោជន៍ហ្នឹងទេ ។ វាគួរឲ្យអស់សំណើច ខ្មាស់គេ”។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានផ្តល់យោបល់ទៅភាគីថៃថា ត្រូវបញ្ឈប់ការរុកគួនកម្ពុជា ហើយគួរតែយកពេលវេលាទៅដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនវិញល្អជាង ព្រោះបញ្ហាផ្ទៃក្នុងថៃកំពុងជួប ការប្រេះស្រាំរវាងរាជរដ្ឋាភិបាល និងក្រុមយោធា ។
សូមបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ កើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងទ័ពថៃបានលបធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា បានបណ្តាលឲ្យបាត់បង់ជីវិតកងទ័ពកម្ពុជា ម្នាក់ គឺព្រឹន្ទបាលឯក សួន រ៉ោន អាយុ៤៨ឆ្នាំ ។
ចំពោះការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក៏បានផ្ញើសារ រំលែកទុក្ខទៅក្រុមគ្រួសារសពថា នេះជាការបាត់បង់យោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពី កម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា៕