វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ឈឿន ថៃកឿ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង ,កែសម្រួល ៖លោកភី សុខ
បាត់ដំបង៖ ខេត្តបាត់ដំបងឆ្នាំ២០២៥នេះ ទទួលបាន គម្រោងអភិវឌ្ឍន៍ឃុំសង្កាត់ចំនួន ១១៧គម្រោង ក្នុងនោះ ប្រភេទផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហម និងផ្លូវក្រាលថ្មមិច ជាចំណុចអត្ថិភាពដែលប្រជាពលរដ្ឋចង់បាន ។
លោក ហាន ស៊ីហ៊ីប នាយកទីចាត់ការ ផែនការវិនិយោគ នៃរដ្ឋបាលសាលាខេត្តបាត់ដំបង បានថ្លែងនៅក្នុង កម្មវិធីសន្ទនាមតិវិទ្យុជាតិកម្ពុជាចំការចេក ខេត្តបាត់ដំបងកាលពីថ្ងៃ ២៣ ខែ មិថុនា ឆ្នាំ២០២៥ថា គម្រោងអភិវឌ្ឍឃុំសង្កាត់ឆ្នាំ២០២៥ ក្នុងបាត់ដំបងទាំងអស់មានចំនួន១១៧គម្រោង ដែលគម្រោងនេះអាចមានការកើនឡើងអាស្រ័យលើឃុំសង្កាត់ខ្លះ ដោយសារឃុំសង្កាត់មួយចំនួន មានថវិកាសន្សំពីឆ្នាំចាស់ត្រូវបូកបញ្ចូលគ្នានិងថវិកាមួយចំនួនទៀតដែលនៅសល់ពីការដេញថ្លៃ ។
លោកនាយក ទីចាត់ការបានបន្ថែមថា ឆ្នាំនេះ មានគម្រោងផ្លូវបេតុង៣៧ ខ្សែ គម្រោងធ្វើផ្លូវក្រាលគ្រួសថ្មមិច ៧ខ្សែ ផ្លូវគ្រួសក្រហមនឹងគ្រួសធម្មជាតិ៤៩ គម្រោង ផ្លូវដី ៦គម្រោង ស្ដារប្រឡាយ៦ គម្រោង ដាក់លូរំដោះទឹក៥គម្រោង ជីកស្រះ១គម្រោង សាងសង់ផែសហគមន៍ពីរគម្រោង សាងសង់អាគារសិក្សា និងបណ្ណាល័យ៣ គម្រោងនឹងដាក់ភ្លើងសូឡា ១គម្រោង ។
គម្រោងទាំងអស់ខាងលើ ត្រូវបានដេញថ្លៃ ៩១ គម្រោងហើយ អនុវត្តបាន១០០% ១៥គម្រោង អនុវត្តលើស៥០% បាន៧គម្រោង អនុវត្តក្រោម៥០% បាន៩ គម្រោង គម្រោងដែលបានចុះកិច្ចសន្យាហើយត្រៀម អនុវត្ត២១គម្រោង ហើយគម្រោងទាំង១១៧នេះ ស្មើនឹងថវិកាសរុបប្រហែលជាង ៤៣ ប៊ីលាន ៣៧៧លាន រៀល ។
ចៅសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង លោក ថូ សំរិទ្ធ បានលើកឡើងថា ចំពោះរដ្ឋបាលសង្កាត់មិនអនុវត្តឱ្យខុសពីការណែនាំរបស់រដ្ឋបាលខេត្ត នឹងរដ្ឋបាលក្រុងនោះទេ ។
សម្រាប់ឆ្នាំ២០២៥នេះ សង្កាត់ព្រែកព្រះស្ដេចទទួលបានថវិកាជាង៩៩៩លានរៀល ហើយមិនមែនថវិកាទាំងនោះមកម្ដងទាំងអស់នោះទេ មកដោយផ្នែកៗ តាមដំណាក់កាលដូចជាថវិកាមកពីថ្នាក់ជាតិ ថ្នាក់ខេត្ត និងមកពីសារពើភណ្ឌនិងចំណូលរបស់ប្រជាពលរដ្ឋក្នុងការបដិភាគធ្វើផ្លូវជាដើម ។ ថវិកាទទួលបានបែងចែក ដាច់ដោយឡែក ផ្នែកអភិវឌ្ឍន៍មានថវិកា ៥១៩លាន និងថវិកាជាង៤០០លានរៀលទៀត ទុកសម្រាប់ផ្នែករដ្ឋបាលនិងសេវាសង្គមផ្សេងៗ ។ ការទទួលបានថវិកាទៀតសោត តាមបណ្ដាឃុំសង្កាត់នីមួយៗ មិនដូចគ្នាទេ គឺទទួលបានខុសៗគ្នា ទៅតាមការបែងរបស់ក្រសួងមហាផ្ទៃ ។
លោក ចៅសង្កាត់បានបញ្ជាក់ថា សង្កាត់មានគម្រោងច្រើន ដូច្នេះថវិកាមិនគ្រប់គ្រាន់ទេ តែយើងលើកយកគម្រោងអទ្ធិភាពណាដែលជាតម្រូវការចាំបាច់មកធ្វើ ពេលនោះក្រុមប្រឹក្សាសង្កាត់និងមេភូមិ ចាប់ផ្ដើមប្រជុំគ្នារកចំណុចអទ្ធិភាពណាដែលសំខាន់ជាងគេ សម្រាប់ប្រជាពលរដ្ឋ ។ ពេលរកបានចំណុចអទ្ធិភាពហើយទើបរៀបចំស្នើមករដ្ឋបាលខេត្ត និងសិក្សាដេញថ្លៃ ចំពោះការដេញថ្លៃ មិនអាចយកក្រុមហ៊ុនមួយបានទេ គឺត្រូវមានក្រុមហ៊ុនច្រើនលើសពីបីឡើងទៅ តាមល័ក្ខខ័ណ្ឌកំណត់ ។ ចំពោះ និតិវិធីនៃការដេញគម្រោងនីមួយៗ ត្រូវមាន មេភូមិ នឹងតំណាងប្រជាពលរដ្ឋចូលរួមដឹងឮ មិនមែនដេញថ្លៃបិទទ្វារស្ងាត់ៗនោះទេ គឺបើកជាចំហរ សាធារណៈ មានការកំណត់ម៉ោងត្រឹមត្រូវ ដោយយកក្រុមហ៊ុនណាសិក្សាទៅតម្លៃទាបគេបំផុត ហើយសម្រេចចុះកិច្ចសន្យា ។
លោកចៅសង្កាត់ព្រែកព្រះស្ដេចបានបន្ថែមថា កាលពីឆ្នាំ២០២៤កន្លងទៅ សង្កាត់ទទួលបានផ្លូវជាច្រើនខ្សែរដូចជាផ្លូវបេតុង លូរំដោះទឹកភ្លៀង ភាគច្រើនពលរដ្ឋមិនចង់បានផ្លូវកៅស៊ូទេ ព្រោះវាឆាប់ខូច អន់ជាងបេតុង ចឹងហើយផ្លូវបេតុងជាចំណុចអត្ថិភាពទី១ ប្រព័ន្ធរំដោះលូទឹកនេះជាអត្ថិភាពបន្ទាប់ដែលប្រជាពលរដ្ឋចង់បាន ។
លោក ហាន ស៊ីហ៊ីប នាយកទីចាត់ការ ផែនការវិនិយោគ នៃរដ្ឋបាលសាលាខេត្តបាត់ដំបង បានលើកឡើងថា ក្នុងគម្រោងទាំង១១៧នោះ មានគម្រោង អទ្ធិភាពក្នុងឆ្នាំ២០២៥នេះ គឺផ្លូវបេតុង មានការកើនឡើង គួរឱ្យកត់សម្គាល់ ព្រោះវាជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ចង់បាននៅតំបន់ទីប្រជុំជន ដោយសារផ្លូវបេតុងវាមានភាពធនជាប់បានយូរ ។ ចំណែកឯ ផ្លូវក្រាលក្រហមនិងផ្លូវក្រាលគ្រួសធម្មជាតិក៏ជាតម្រូវមួយតាមបណ្ដាឃុំសង្កាត់មួយចំនួនទៀតផងដែរ ដោយសារតែខេត្តបាត់ដំបង ផ្លូវធ្វើដំណើរពីភូមិមួយទៅភូមិមួយ បើគិតពីតាមបណ្ដាស្រុក មានចម្ងាយឆ្ងាយ ។ ដូច្នេះហើយការអនុវត្តផ្លូវនេះ មិនអាចធ្វើផ្លូវបេតុងឱ្យបានទាំងអស់នោះទេ គឺធ្វើយើងម៉េចឱ្យមានផ្លូវសម្រាប់ការតភ្ជាប់ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅមក ពិសេសការដឹកជញ្ជូនកសិផល ។
លោក នាយកទីចាត់ការ ផែនការរូបនេះ បានបន្ថែមថាចំពោះការត្រួតនិត្យគម្រោងមូលនិធីឃុំសង្កាត់ឱ្យមានតម្លាភាព នឹងមានប្រសិទ្ធភាព ត្រូវពិនិត្យតាមដាន គម្រោងដែលបានដេញថ្លៃហើយ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការគ្រប់គ្រងហើយឬនៅ ព្រោះគម្រោងនីមួយៗ ត្រូវមានគណៈកម្មការគ្រប់គ្រងគម្រោង ដែលមានចៅសង្កាត់ ជាប្រធាន មានជំទប់ឬចៅសង្កាត់រងទី១ ជាសមាជិក មានគណៈកម្មាធិការលទ្ធកម្មទាំងអស់ជាសមាជិក ពិសេស មានតំណាងអ្នកប្រើប្រាស់ឬប្រជាពលរដ្ឋនៅមូលដ្ឋាន។ ចំពោះអនុវត្តគម្រោងមានអ្នកពាក់ពន្ធ័ តំណាងពលរដ្ឋ ឬចាស់ព្រឹទ្ធាចារ្យ អាចរាយការណ៍ជាប្រចាំអំពីដំណើរនៃការអនុវត្តគម្រោងជូនចៅសង្កាត់ហើយនឹងមន្ត្រីបច្ចេកទេស ។
លោកបានបន្ថែមថា ដើម្បីអនុវត្តគម្រោងនេះបាន ក្នុងនាមទីចាត់ការ ផែនការ វិនិយោគ ជាសេនាធិការឱ្យរដ្ឋបាលខេត្ត គឺបង្ហាត់បង្ហាញអំពីបច្ចេកទេសគម្រោងទាំងអស់ ពន្យល់អំពីរបៀបប្រើប្រាស់គណកម្មការ ចំណុចនិងផ្នែកពាក់ព័ន្ធនឹងបច្ចេកទេស ហើយត្រូវរៀបចំរបាយការណ៍អំពីបរិមាណនឹងគុណភាព ។ ចំពោះគម្រោងទាំងអស់គឺបើកចំហរ ជូនសាធារណជន ករណីដែលពិនិត្យឃើញថា ក្រុមហ៊ុនម៉ៅការ មានការខ្ជះខ្ជាយ អីយ៉ាងណានោះ ឃុំសង្កាត់ ជាមួយមន្ត្រីបច្ចេកទេស និងចុះទៅធ្វើការណែនាំដល់អ្នកអនុវត្តគម្រោងឬក្រុមហ៊ុនម៉ៅការនោះ ។
លោកបានបន្ថែមថា ការទូទាត់ថវិកាឃុំសង្កាត់ យើងពិនិត្យមើល បន្ទាប់ពីការដេញថ្លៃចុះកិច្ចសន្យាអនុវត្តគម្រោងរួចហើយ អ្នកម៉ៅការពេលអនុវត្តគម្រោង បាន៥០% គឺយើងទូទាត់ជូនគាត់ ស្មើថវិកា ៤៥% ដំណាក់កាលជំហានទី២ អនុវត្តបាន១០០% គឺយើងទូទាត់ជូនអ្នកម៉ោង ៤៥%ទៀត នៅសល់១០%ទៀត អនុវត្តនៅជំហានទី៣ ត្រូវការរយៈ៦ខែជាពេលជួសជុលថែទាំ បន្ទាប់ពីដល់រយៈពេលហើយ ក្រុមហ៊ុនម៉ៅងការ ស្នើសុំមកក្រុមបច្ចេកទេស ដើម្បីចុះត្រួតពិនិត្យមើលរួច នឹងផ្ដល់ជូន១០%ទៀតដល់ក្រុមហ៊ុនម៉ោងការសាងសង់ ៕