វិទ្យុជាតិកម្ពុជា៖ អត្ថបទភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង ៖ មន្រ្តីស្នាក់ការច្រកឱ្យដឹងថានៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៥នេះច្រកអន្តរជាតិដូង ស្ថិតនៅស្រុកកំរៀងខេត្តបាត់ដំបងបិទដំណើរការទាំងស្រុងប៉ុន្តែបន្តបើកច្រកទទួលពលករខ្មែរវិលចូលប្រទេសវិញ នឹងសម្រួលដល់អ្នកជំងឺធ្ងន់ធ្ងរ និងបើកឱ្យសិស្សសាលាចេញចូលម៉ោង៧ព្រឹក។
លោកខុងយ៉ាត់លួង ប្រធានស្នាក់ការច្រកដូងបានបញ្ជាក់ថា ៖«ច្រកនេះបើក ច្រកថ្មើរជើងសម្រាប់តែ ពលករខ្មែរដែលត្រឡប់មកពីថៃចូលប្រទេសវិញប៉ុណ្ណោះ ចំណែកពលករចង់ចេញទៅថៃមិន អនុញ្ញាតិទេ ហើយភ្ញៀវទេសចរក៏មិនមានដែរ គឺសម្រាប់ទទួលតែពលករវិលចូលស្រុកវិញ សិស្សានុសិស្ស និងអ្នកជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ»។
លោកបន្ថែមថាចំពោះម៉ោងបើកច្រកថ្មើរជើងខាងកម្ពុជាបើកនៅម៉ោង៩ព្រឹក បិទនៅម៉ោង៤រសៀល ចំណែកភាគីថៃបើកនៅម៉ោង៨ព្រឹក បិទម៉ោង៤រសៀល។
មន្រ្តីច្រកបន្តថានៅមាត់ច្រកទ្វារក្រុមការងារ របស់ក្រសួងការងារ សហការណ៍ជាមួយមន្ទីរបានបន្ត ផ្សព្វផ្សាយអំពីការងារក្នុងស្រុក និងវគ្គបំប៉នជំនាញបន្ថែម និងបន្តរៀបចំអោយមានរថយន្ត និងក្រុមម៉ូតូកង់បីសម្រាប់ជួយសម្រួលដល់ពលករដែរមានសំភារៈច្រើន ។
ដោយឡែកច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូនខេត្តបាត់ដំបងវិញមន្រ្តីច្រកឱ្យ ដឹង ថាបានបិទដំណើរការ ទាំងស្រុងនៅថ្ងៃទី២៥ខេមិថុនានេះ ដោយស្ថានភាពម៉ោង៩ព្រឹក មាត់ច្រកទ្វារស្ងប់ស្ងាត់ ពុំសិស្សសាលាចេញចូល និងពុំមានអ្នកជំងឺចេញចូលនោះទេ ។
បើតាមលោកសឿម ប៊ុនរិទ្ធអ្នកនាំពាក្យនិងជាអភិបាលរងខេត្តបាត់ដំបងឱ្យដឹងថានៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥ភាគីថៃបានបិទច្រកទ្វារព្រំដែនទាំងស្រុងជាឯកតោភាគីនៅតាមបណ្តាច្រកទ្វារព្រំដែនទាំង០៥ជាប់នឹងភូមិសាស្ត្រខេត្តបាត់ដំបង លើកលែងតែសិស្សសាលាទៅរៀន និងអ្នកជំងឺសង្គ្រោះបន្ទាន់អនុញ្ញាតចេញចូលបាន និងពលករខ្មែរចេញពីប្រទេសថៃ ចូលស្រុកវិញ ។
លោកបញ្ជាក់ក្នុងរបាយការណ៍ថា វេលាម៉ោង៣រសៀលថ្ងៃទី២៤ខែមិថុនាយោធាថៃជូនដំណឹងមកសមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌីនខាងថៃក្នុងការសម្របសម្រួលបើកច្រកថ្មើរជីងនៅពេលល្ងាចចាប់ពីម៉ោង៥ដល់ម៉ោង៨យប់ ដើម្បីឱ្យពលករខ្មែរដែលជាប់នៅខាងទឹកដីថៃបានវិលត្រឡប់ចូលមកកម្ពុជាវិញ ៕