វិទ្យុជាតិកម្ពុជា = ស៊ឹង សុផារី ២៥.០៦.២០២៥
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងទីតាំងវត្តពោធិ៍៥០០០ដើមបានខិតខំបំពេញការងារឱ្យបានល្អជួយប្រជាជនដែលកំពុងស្នាក់នៅទីនោះ ឱ្យមានសុខភាពល្អ តាមរយៈការផ្តល់សេវាពិនិត្យនិងថែទាំយ៉ាងយកចិត្តទុកដាក់ ទាំងយប់ ទាំងថ្ងៃ ។
លោកស្រី យ៉ន ចាន់ម៉ារ៉ា ជាគ្រូពេទ្យបម្រើការនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម បានលើកឡើងថា ការដាក់ទីតាំងមណ្ឌលសុវត្ថិភាពសម្រាប់ពិនិត្យនិងពិគ្រោះជំងឺជូនដល់ប្រជាពលរដ្ឋ ដែលបានចាកចេញពីតំបន់ប្រឈម មកកាន់ទីតាំងសុវត្ថិភាពវត្តពោធិ៍៥០០០ដើមនេះ គឺបានរៀបចំឡើងតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ មកម្ល៉េះ ដោយមានគ្រូពេទ្យជាង១០នាក់សម្រាប់ប្រចាំការ ។ អ្នកគ្រូពេទ្យ បានបន្តថា ក្នុងមួយថ្ងៃមានប្រជាជនមកទទួលសេវាពិនិត្យ ព្យាបាលនិងបើកថ្នាំ ប្រមាណជាង១០០នាក់ ដោយភាគច្រើនពួកគាត់មានជំងឺផ្ដាសាយ រលាកបំពង់ក ក្អក ក្តៅខ្លួន ឈឺក្រពះជាដើម ។ ក្នុងនោះ អ្នកគ្រូក៏បានបង្ហាញពីការគាំទ្រនិងពេញចិត្តចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់និងគិតគូរយ៉ាងខ្លាំង ទៅដល់ប្រជាពលរដ្ឋដែលបានចាកចេញពីតំបន់ប្រឈម មកកាន់ទីតាំងសុវត្ថិភាពនេះ ដោយឃើញថា មានការផ្តល់ជូនជាសម្ភារៈប្រើប្រាស់ ស្បៀងអាហារ ទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់ ថែមទៀតផង ។ ដូច្នេះក្នុងនាមអ្នកគ្រូជាគ្រូពេទ្យមួយរូប និងតំណាងឱ្យបុគ្គលិកពេទ្យនៅទីនេះទាំងអស់ សូមប្ដេជ្ញាចិត្តនិងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រទៅលើចំណាត់ការតែបានបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ និងសន្យាថា ជួយមើលថែប្រជាជននៅតំបន់នេះ ឱ្យមានសុខភាពល្អទាំងអស់គ្នា ។
« សម្រាប់នាងខ្ញុំផ្ទាល់ អ្វីដែលនាងខ្ញុំអាចជួយដល់រាជរដ្ឋាភិបាលនិងជួយដល់ប្រជាជន គឺជាក់ស្តែងឥឡូវនេះគឺខ្ញុំមកជួយដល់ការស្ម័គ្រចិត្ត ជួយរហូតដល់ស្ថានការណ៍បានធូរស្បើយ ហើយប្រជាពលរដ្ឋអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ទាំងនេះគឺជាអ្វីដែលខ្ញុំអាចជួយបាន ដូចបងៗអ្នកសារព័ត៌មានបានរកឃើញហើយថានៅទីតាំងនេះ ការរស់នៅគឺមិនបានធ្វើផ្ទះយើងនោះទេ តែទាំងនេះគឺជាទឹកចិត្តរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុងការជួយ ដើម្បីផ្ដល់សេវាថែទាំសុខភាពជូនទៅដល់ប្រជាពលរដ្ឋ ដែលបានចលនាបម្លាស់ទីពីទឹកដីរបស់ខ្លួន មកកាន់ទីតាំងវត្តពោធិ៍នេះ តែសម្រាប់ការការពារសុវត្ថិភាពគឺទុកឱ្យបងៗអាជ្ញាធរជាអ្នកចាត់ចែង ប៉ុន្តែសម្រាប់ពួកខ្ញុំ គឺនឹងធ្វើអ្វីដែលអាចធ្វើទៅបាន គឺឈរចាំជួយពីក្រោយ » ។
សូមបញ្ជាក់ថា មណ្ឌលសុវត្ថិភាពនៅវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ មានប្រជាពលរដ្ឋស្ម័គ្រចិត្តមកស្នាក់នៅបណ្តោះអាសន្ន ចំនួន១,២៨២គ្រួសារ ស្មើនឹង៣,៨៥០នាក់ ៕