វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ ៦ ២៥
អន្តរជាតិ៖ ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានបង្ហាញក្តីសង្ឃឹមថា ប្រទេសចិនអាចនឹងទិញប្រេងមិនត្រឹមតែពីប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ពីសហរដ្ឋអាម៉េរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក Trump បាននិយាយថា "បច្ចុប្បន្នចិនអាចបន្តទិញប្រេងពីអ៊ីរ៉ង់។ លោកសង្ឃឹមថា ពួកគេក៏នឹងទិញច្រើនពីសហរដ្ឋអាម៉េរិកផងដែរ"។ ការកើនឡើងកម្តៅនេះបានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែមិថុនា នៅពេលដែលអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ មិនដល់ ២៤ម៉ោងផង ទីក្រុងតេអេរ៉ង់បានឆ្លើយតបជាមួយនឹងការវាយប្រហារសងសឹកវិញ។ ប្រាំបួនថ្ងៃកន្លងមកគឺនៅថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាម៉េរិកបានចូលរួមក្នុងការវាយប្រហារនេះ ដោយយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិកបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួនបី។ នៅល្ងាចបន្ទាប់ ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក ដែលមានទីតាំងនៅប្រទេសកាតា។ បើតាមអាជ្ញាធរអាម៉េរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឱ្យកត់សម្គាល់នោះទេ។ កាលពីថ្ងៃទី២៤ ខែមិថុនា លោក Trump បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានព្រមព្រៀងបទឈប់បាញ់គ្នាទាំងស្រុង ប៉ុន្តែអាជ្ញាធរអ៊ីស្រាអែលបានបញ្ជាក់ថា ពួកគេបានទទួលយកសំណើរបស់អាម៉េរិក ហើយបានប្រកាសថា នឹងបញ្ចប់នូវគោលបំណងទាំងអស់ក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់៕