វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយមន្ទីរព័ត៌មានខេត្តក្រចេះ
ក្រចេះ៖ ក្រៅពីប្រកបមុខរបរស្រែចម្ការ បងប្អូនប្រជាពលរដ្ឋបានចាប់យករបបផលិត និងកែច្នៃត្រីងៀតមួយមុខទៀត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែម ។
លោក ស៊ិន សង រស់នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ និងជាប្រធានសហគមន៍នៃក្រុមផលិត និងកែច្នៃត្រីងៀត ដែលមានសមាជិកចំនួន ៦ នាក់ ដែលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលជលផល និងជាពិសេសគឺការគាំទ្រពីអង្គការដៃគូបាននឹងកំពុងមមាញឹកក្នុងការចិញ្ចឹមត្រី និងដាក់ចំណីត្រី ដើម្បីពន្លឿនការធំធាត់របស់ត្រីឲ្យទាន់ទៅនឹងតម្រូវការកម្មង់របស់បងប្អូនអ្នកភូមិ និងភ្លៀវខាងក្រៅផងដែរ ។
បើទោះបីជាមានសមាជិកតែ៦នាក់ តែការងារបច្ចេកទេសក្នុងការផលិត និងកែច្នៃ ដែលទទួលបានរយៈពេលកន្លងមក ក៏មិនជាបញ្ហានោះដែរក្នុងការបំពេញតម្រូវការរបស់ភ្ញៀវដែលបានគាំទ្រ និងបានកម្មង់ ។
ដោយក្នុងសហគមន៍បានផលិតនិងកែច្នៃត្រីងៀតចំនួន ៣ ប្រភេទ មានដូចជា៖ ងៀតត្រីអណ្តែង ត្រីរ៉ស់ និងត្រីរៀលជាដើម តែក្នុងតម្លៃ នៃត្រីរៀលលក់ចេញរាងមានតម្លៃខុសបន្តិច ដោយ១គីឡូតម្លៃ ៥ម៉ឺនរៀល ដោយការផលិតនិងកែច្នៃមានរាងស្មុគស្មាញចំណាយពេលសម្អាតនិងតុបតែងបន្តិច ។
បន្ថែមលើមុខរបបប្រចាំថ្ងៃ និងដើម្បីកាត់បន្ថយការនេសាទខុសច្បាប់ក្នុងទន្លេផង លោក ស៊ិន សង ប្រធានសហគមន៍ បានជំរុញលើកទឹកចិត្តឲ្យមានការចូលរួមចិញ្ចឹម ដោយលោកធ្វើការទទួលទិញ ដើម្បីជួយសម្រួលដល់ជីវភាព និងដើម្បីបង្កើនការផ្គត់ផ្គង់តម្រូវការភ្ញៀវ ដោយមានការគាំទ្រពីអាជ្ញាធរជំនាញ និងអង្គការដៃគូរ ក្នុងការទំនាក់ទំនងរកទីផ្សារជូន ដោយក្នុងនោះមានការពង្រឹងលើការចុះបញ្ជីជាសហគមន៍ភូមិមួយផលិតផលមួយ រួមនឹងមានបញ្ជាក់ស្លាកសញ្ញាអត្តសញ្ញាណច្បាស់លាស់ផងដែរ ។
ក្រោយពីបានចាប់យកមុខរបបផលិត និងកែច្នៃត្រីងៀត ជាហគមន៍មក លោក ស៊ិន សង រួម និងសមាជិក ហាក់មានជីវភាពប្រែប្រួលមួយកម្រិត ដោយមិនចាំបាច់នឿយហត់ក្នុងការចំណាក់ស្រុករកការងារធ្វើជាកម្មករ ហើយលោកបានបញ្ជាក់ថា នឹងខិតខំប្រើប្រាស់ជំនាញទាំងអស់នេះ ឲ្យអស់លទ្ធភាព តបទៅនឹងអ្វីដែលអាជ្ញាធររួមនិងអង្គការបានជួយ និងអាចបន្តដល់ការបណ្តុះបណ្តាលនូវជំនាញដែលមានដល់បងប្អូនដែលមានការចាប់អារម្មណ៍លើមុខរបបនេះ ក្នុងន័យលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ៕