វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ
ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ក្នុងគោលបំណងលើកទឹកចិត្តនិងផ្តល់នូវអានុសាសន៍មួយចំនួនដល់ក្មួយៗ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៨ សីហា ២០២៥ នាពេលខាងមុខនេះ។ សូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំបុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យលោកគ្រូ អ្នកគ្រូ ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន បានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេស ចូលរួមចំណែកក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងជាទំពាំងស្នងឬស្សីដ៏ល្អ ព្រមទាំងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ជាពិសេសបានខិតខំបង្ហាត់បង្រៀនក្មួយៗសិស្សថ្នាក់ទី១២ នាពេលកន្លងមកបានទទួលលទ្ធផលយ៉ាងត្រចៈត្រចង់គួរជាទីមោទក។ រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្ដានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្សដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ ក្នុងគោលបំណងធ្វើឱ្យប្រជាជនកម្ពុជា «មានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត» ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំតាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។
នៅក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់អានុសាសន៍ដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដូចខាងក្រោម៖
១.បេក្ខជនត្រូវប្រមូលស្មារតីខិតខំរៀនសូត្រគ្រប់មុខវិជ្ជាក្នុងវគ្គបំប៉នដែលសាលាបានរៀបចំសិក្សាស្រាវជ្រាវបន្ថែមជាមួយមិត្តភក្តិ ត្រៀមខ្លួនបង្កើនភាពជឿជាក់លើខ្លួនឯងក្នុងការទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
២.ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ត្រូវពាក់ខ្សែក្រវ៉ាត់ និងពាក់មួកសុវត្ថិភាព កុំសេពគ្រឿងស្រវឹង ត្រូវគោរពតាមទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍» ដើម្បីក្លាយជាយុវជនល្អ ពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ នាពេលអនាគតប្រកបដោយមនសិការវិជ្ជាជីវៈ
៣.ត្រូវចេះស្វ័យសិក្សាស្វែងយល់ស្រាវជ្រាវដោយខ្លួនឯង ចេះធ្វើការងារជាក្រុម និងបំណិនឌីជីថល ចេះប្រើប្រាស់ AI ដើម្បីលើកកម្ពស់ការរៀនសូត្របង្កើតទម្លាប់ល្អក្នុងការរៀនសូត្រ និងបន្តអភិវឌ្ឍបំណិនសតវត្សទី២១
៤.បណ្ដុះនូវឧត្ដមគតិជាតិជឿនលឿនការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំដល់យុវជន ដើម្បីមានចក្ខុវិស័យរួមចំពោះអនាគតកម្ពុជា យុវជនត្រូវស្គាល់អំពីតម្លៃខ្លួនឯង
៥.ត្រូវមានស្មារតីសេ្នហាជាតិ មាតុភូមិ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំដោយប្រកាន់យកអភិក្រម «ការសិក្សាពេញមួយជីវិត» ចេះស្រលាញ់ជាតិមាតុភូមិ វប្បធម៌សន្តិភាព ការផ្សព្វផ្សាយពីអត្តសញ្ញាណជាតិ គុណតម្លៃជាតិ ការលើកស្ទួយសម្រស់កម្ពុជា ការលើកស្ទួយកិត្យានុភាពជាតិ និងផលិតភាពខ្ពស់ក្នុងស្មារតី «ជឿជាក់លើកម្ពុជា» និង «ខ្មែរធ្វើបាន»។
ឯកឧត្តម បានបន្ថែមទៀត លោកគ្រូ អ្នកគ្រូបានផ្តល់នូវចំណេះវិទ្យាចែកជូនសិស្សានុសិស្ស គាត់សប្បាយចិត្តក្នុងការចែករំលែកចំណេះដឹង ម្យ៉ាងទៀតលោកគ្រូ អ្នកគ្រួជាឪពុកម្តាយទី២ បានផ្តល់នូវពុទ្ធិក្នុងជីវិតក្មួយៗ ដើម្បីបំណិនការងារ និងជីវភាពប្រចាំថ្ងៃដោយផ្តោតលើសេដ្ឋកិច្ច និងជីវភាពគ្រួសារ យើងត្រូវមានភាពជឿជាក់លើខ្លួនឯង និងដាក់ទិសដៅត្រូវខិតខំសិក្សាដោយខ្លួនឈានទៅរកភាពជោគជ័យ សូមក្មួយៗប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា ព្រោះជីវិតត្រូវមានការតស៊ូ៕