វិទ្យុជាតិកម្ពុជា ឈុន សំអាត 26-06-2025
ក្នុងឱកាសនៃការអញ្ជើញនាំយកអំណោយឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនកងពលធំអន្តរាគមន៍លេខ២ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសម្តែងការគួរសម ចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងអង្គរក្ស និងបានបន្តសំណេះសំណាលជាមួយកងកម្លាំងឈរជើងនៅប្រាសាទតាមាន់ដោយភាពកក់ក្តៅ។
ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា បានពាំនាំនូវក្តីនឹករលឹកបំផុត និងការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ឯកឧត្តមកិត្តិសង្គហបណ្ឌិត និងកងកម្លាំងឈរជើងនៅប្រាសាទតាមាន់ ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់បំផុត ចំពោះវីរយុទ្ធជន ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារជាតិមាតុភូមិ អធិបតេយ្យ និងបូរណភាពទឹកដី និងកងកម្លាំងប្រដាប់អាវុធប្រចាំការនៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ក៏បានសម្តែងការកោតសរសើរ ចំពោះស្មារតីស្នេហាជាតិ និងការលះបង់របស់វីរយុទ្ធជនក្នុងបុព្វហេតុជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងបានជូនពរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត និងវីរយុទ្ធជនទាំងអស់ សូមមានសុខភាពល្អរឹងមាំ និងទទួលបានជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង៕