វិទ្យុជាតិកម្ពុជា ឈួន សំអាត ២៦.០៦.២០២៥
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃភ្លាមៗដោយមិនបានជូនដំណឹងជាមុន គឺបានធ្វើឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន។
តាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនានេះថា តាមរយៈបណ្តាញសារព័ត៌មាននានា ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងភ្ញៀវទេសចរ ដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ។ ការបិទព្រំដែនភ្លាម ៗ និងមិនបានជូនដំណឹងជាមុននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ មនុស្ស និង សេរីភាពមូលដ្ឋាន ។
ការបិទព្រំដែនដោយឯកតោភាគីរបស់ថៃ បានបង្កឱ្យមនុស្សជាច្រើន រួមមាន កម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរឆ្លងកាត់ និងគ្រួសារជាច្រើន ត្រូវបានជាប់គាំង និងមិនអាចធ្វើដំណើរ ឆ្លងព្រំដែនបាន ។ ការណ៍នេះ បានរំលោភដល់សេរីភាពក្នុងការធ្វើដំណើរ ដែលជាសេរីភាពជាមូលដ្ឋាន ចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា១៣) និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា១២)។
ការបិទព្រំដែនភ្លាមៗបែបនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនប្រចាំថ្ងៃ ដើម្បីប្រកបរបរចិញ្ចឹមជីវិត រួមមាន ពាណិជ្ជករ កម្មករ និងអ្នកប្រកបអាជីវកម្មតូចៗ។ ពួកគាត់នឹងបាត់បង់ប្រភពចំណូលចម្បង ដែលនឹងបង្ក ឱ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ ការហូបចុក ផ្ទះសម្បែង និងសុខភាពផ្លូវចិត្ត។ សិទ្ធិនេះត្រូវបាន ការពារដោយកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (មាត្រា១១)។
លើសពីនេះការបិទព្រំដែនជាឯកតោភាគីដោយប្រទេសថៃ បានរារាំងពលករទេសន្តរប្រវេសន៍ មិនឱ្យទៅធ្វើការងារ។ ការណ៍នេះ គឺជាការរំលោភសិទ្ធិមានការងារធ្វើ ដែលមានចែងក្នុងសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា២៣) និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និង វប្បធម៌ (មាត្រា៦)។
អ្នកធ្វើដំណើរ ពាណិជ្ជករ និងកម្មករ រាប់ពាន់នាក់ ត្រូវបានជាប់គាំងនិង ជ្រួលច្របល់នៅតាមព្រំដែន ដោយសារការបិទព្រំដែនជាឯកតោភាគី ដោយពុំបានជូនដំណឹង ឬចេញសេចក្តីប្រកាសផ្លូវការណាមួយជាមុន។ សិទ្ធិទទួលបានព័ត៌មានត្រូវបានធានា ដោយកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (មាត្រា១៩)។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅបានបញ្ជាក់ទៀតថា ទោះបីជាសិស្សានុសិស្ស និងអ្នកជំងឺត្រូវបានអនុញ្ញាតឱ្យឆ្លងព្រំដែនក៏ដោយ ក៏ពួកគេនៅតែជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេស អ្នកដែលមានបញ្ហា ពាក់ពន្ធ័នឹងឯកសារផ្សេងៗ។ សិទ្ធិទាំងនេះ ត្រូវបានការពារដោយកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (មាត្រា១២ ១៣ និង១៤)។
មិនតែប៉ុណ្ណោះនៅពេលដែលច្រកព្រំដែន ដែលមានសុវត្ថិភាព និងស្របច្បាប់ ត្រូវបានបិទ នឹងបង្ខំឱ្យប្រជាពលរដ្ឋ ប្រើប្រាស់មធ្យោបាយឆ្លងកាត់ព្រំដែនខុសច្បាប់ ជាពិសេស កម្មករដែលកំពុងត្រូវការការងារធ្វើ ដែលនឹងបង្កើនហានិភ័យនៃការជួញដូរមនុស្ស ជាពិសេស ក្រុមជនងាយរងគ្រោះ ដូចជា ស្ត្រី កុមារ មនុស្សចាស់ និងជនមានពិការភាព ជាដើម៕