វិទ្យុជាតិកម្ពុជា (គឹមហឿនស្ទឹងត្រែង ថ្ងៃទី២៦ មិថុនា ២០២៥)
ស្ទឹងត្រែង -អាជ្ញាធរក្រុងស្ទឹងត្រែង
បានដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព បន្ទាប់ពីប្រជាពលរដ្ឋបានលើក ឡើងពីបញ្ហាប្រឈមជូនអាជ្ញាធរក្រុង ស្ទឹងត្រែងឱ្យជួយដោះស្រាយ ដូចជាសេវាសាធារណៈ បញ្ហាភ្លើងប្រើប្រាស់ ផ្លូវលំបាកធ្វើដំណើរ ការងារអប់រំ ការងារផ្នែកបរិស្ថាននិងករណីពាក់ព័ន្ធទៅនឹងចំណុចក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
ក្នុងវេទិកាសាធារណៈដែលរៀបចំធ្វើឡើងដោយសាលាក្រុងស្ទឹងត្រែងនៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៥ លោក ស៊ៀ ហេង ប្រធានក្រុមប្រឹក្សាក្រុង និងជាប្រធានដឹកនាំវេទិកាសាធារណ:បានបញ្ជាក់ថា៖គ្រប់ការសំណូមពរនិងបញ្ហាប្រឈមដែលប្រជាពលរដ្ឋយើងនៅតាមសង្កាត់នីមួយៗបានលើកឡើងវាជាផែនការសម្រាប់ថ្នាក់ដឹកនាំពាក់ព័ន្ធយកមកធ្វើការងារ ។
លោកបន្តថា៖អាជ្ញាធរក្រុងប្រមូលយកទិន្នន័យព័ត៌មានទាំងនេះ ធ្វើការដោះស្រាយជូនទៅប្រជាពលរដ្ឋយើង ហើយក្រុមការងារក៏មានមូលដ្ឋានយកមកកសាងជាផែនការមេ ៥ ឆ្នាំដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលបន្ថែមទៀត។
(សំឡេង)អីចឹងទេបានយើងរៀបចំវេទិកាថ្ងៃនេះដើម្បីទទួលយកសំណូមពរទាំងឡាយដែលបងប្អូនមានកង្វល់ ខ្ញុំតែងតែនិយាយឱ្យមានការចូលរួម ពិសេសការលើកឡើងពីកង្វល់សេចក្តីត្រូវការរបស់បងប្អូននេះឯង។
លោកសាយ កុសលអភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ដែរថា៖រាល់សំណូមពរដែលប្រជាពលរដ្ឋបានលើកឡើងនេះគ្រប់ចៅសង្កាត់ទាំង០៤ក្នុងក្រុង ត្រូវរួមគ្នាជាមួយផ្នែកជំនាញនីមួយៗដោះស្រាយជូនប្រជាពលរដ្ឋយើងឱ្យមានតម្លាភាព។
ទីមួយនៅពេលដែលដឹកនាំការងារ គេហៅថាលោកចៅសង្កាត់ ដែលដឹកនាំការងារប្រចាំថ្ងៃ ប៉ុន្តែរបបនៃការសម្រេចលើការប្រើប្រាស់អីផ្សេងៗ ទៅលើសង្កាត់ពេលនឹងគឺប្រជុំមួយប្រធានក្រុមប្រឹក្សាសង្កាត់ អីចឹងពេលនោះដើរតួក្នុងអង្គប្រជុំ ការសម្រេចបែបសមភាព ដែលជារបបប្រជុំមួយតាមមតិភាគច្រើន អីចឹងគឺដើរតួជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ផង ។
លោកវរសេនីយ៍ឯកឈូក កុមុល អធិការក្រុងស្ទឹងត្រែងបានបញ្ជាក់ថា ៖ជាមួយគ្នានេះសមត្ថកិច្ចក្រុងបានសហការគ្នាជាមួយអាជ្ញាធរសង្កាត់និងមន្ត្រីជំនាញពាក់ព័ន្ធបំពេញកាតព្វកិច្ចបានឆ្លើយតបទៅតាមសំណូមពររបស់បងប្អូនយើងផងដែរ ។
លោកអធិការក្រុងស្នើឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យមានភាពទទួលខុសត្រូវ ដឹកនាំអប់រំកូនចៅឱ្យបានល្អ កុំឱ្យមានបង្កជាក្មេងទំនើង និងប្រើប្រាស់គ្រឿងញៀនជាដើម ព្រោះវាប៉ះពាល់ដល់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ហើយសមត្ថកិច្ចបង្ក្រាបមិនលើកលែងឡើយ។
សូមបញ្ជាក់ថា៖ក្នុងវេទិកាសាធារណនេះបងប្អូនប្រជាពលរដ្ឋយើងបានលើកឡើងនូវសំណូមពរបម្រើឱ្យផលប្រយោជន៍រួមចំនួន២០ករណីនៅតាមសង្កាត់នីមួយៗ ក្នុងចំណោមអ្នកចូលរួម ជិត៣០០នាក់ហើយក្នុងនោះមន្ត្រីពាក់ព័ន្ធតាមផ្នែកជំនាញនីមួយៗ បានបកស្រាយជូនទៅតាមសំណួរនិងសំណូមពរ ដើម្បីធ្វើឱ្យប្រជាពល រដ្ឋជាម្ចាស់ឆ្នោតអស់ភាពកង្វល់៕