វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៦ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ចង់ឱ្យអន្តរជាតិ ត្រូវមើលឱ្យឃើញថា តើប្រទេសកម្ពុជា ឬថៃអ្នកណាឈ្លានពានអ្នកណា ខណៈដែលប្រជាពលរដ្ឋកម្ពុជា ស្ថិតនៅជំរកសុវត្ថិភាពវត្តពោធិ៍៥០០០ដើម គឺជាសាក្សីរស់ សម្រាប់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជា គឺជាប្រទេសរងគ្រោះ ដោយសារការឈ្លានពានរបស់កងទ័ពថៃ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជនភៀសខ្លួន នៅទីសុវត្ថិភាព វត្តពោធិ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ ប្រជាពលរដ្ឋនាពេលនេះ សម្តេចតេជោ បានរំលឹកថា សម្តេចនឹកឃើញទៅដល់អ្វីដែលហៅថា សន្តិភាព អ្វីទៅដែលហៅថាសង្គ្រាម ខណៈដែលសម្តេចតេជោ ពិតជាអាណោចអាធម នឹកឃើញទៅដល់រឿងអតីតកាលដ៏ជូរចត់របស់កម្ពុជា ប៉ុន្តែមិននឹកស្មានថា អតីតកាលរបស់កម្ពុជា ប្រកបទៅដោយការឈឺចាប់នោះ វាបានវិលត្រឡប់មកវិញ តាមរយៈនៃការឈ្លានពាន របស់អ្នកជិតខាងរបស់យើង ដែលកម្ពុជាគ្មានអ្វី ដែលជាការប៉ងប្រាថ្នាក្រៅពីការធ្វើជាមិត្តភាព និងធ្វើជាអ្នកជិតខាងល្អនោះទេ ។
"នេះហើយដែលជាទង្វើដែលសូមឱ្យអន្តរជាតិត្រូវមើលឱ្យឃើញថា តើប្រទេសកម្ពុជា ឬថៃអ្នកណាឈ្លានពានអ្នកណា តើថៃមានបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនឬទេ? តើថៃមានបានជម្លៀស មានជនភៀសសឹក ដោយសារកម្ពុជា ឈ្លានពានទេ? នៅទីនេះ (ប្រជាពលរដ្ឋកម្ពុជា ស្ថិតនៅជំរកសុវត្ថិភាពវត្តពោធិ៍៥០០០ដើម) គឺជាសាក្សីរស់ សម្រាប់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជា គឺជាប្រទេសរងគ្រោះ ដោយសារការឈ្លានពានរបស់កងទ័ពថៃ ទើបនាំទៅដល់ការមានជនភៀសសឹក មករស់នៅទីនេះ (វត្តពោធិ៍៥០០០ដើម) ដែលជារឿងអកុសល ហើយសូមឱ្យបរទេសទាំងឡាយ ដែលប្រកាន់សច្ចធម៌ និងនិយមសន្តិភាព មើលឃើញឱ្យបានច្បាស់ នូវទុក្ខសោកដែលប្រជាជនកម្ពុជា រងគ្រោះដោយសារការឈ្លានពានរបស់កងទ័ពថៃ"៕