សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បង្ហាញអន្ដរជាតិថា ប្រជាជនកម្ពុជាបានភៀសខ្លួនដោយសារតែការគំរាមកំហែងរបស់ភាគីថៃ

Narith | ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៦ ០៦ ២៥ 
ព្រះវិហារ ៖ សម្ដេចតេជោហ៊ុន សែន
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥  បង្ហាញអន្ដរជាតិថា ប្រជាជនកម្ពុជាបានភៀសខ្លួនដោយសារតែការគំរាមកំហែងរបស់ភាគីថៃ ដើម្បីឱ្យបរទេសទាំងឡាយ ដែលប្រកាន់សច្ចធម៌ និងនិយមសន្តិភាព មើលឃើញឱ្យបានច្បាស់នូវទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះនៃការឈ្លានពាននេះ។ 
 ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជនភៀសខ្លួន នៅទីសុវត្ថិភាព វត្តពោធិ៥០០០ ដើម ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងជាប្រធានព្រឹទ្ធសភា បានប្រាប់ឱ្យអន្តរជាតិត្រូវមើលឱ្យឃើញថា តើប្រទេសកម្ពុជា ឬថៃអ្នកណា ឈ្លានពានអ្នកណា? តើថៃមានបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេ? តើថៃមានបានជម្លៀស មានជនភៀសសឹក ដោយសារកម្ពុជាឈ្លានពានទេ? នៅទីនេះ(ជនភៀសសឹកកម្ពុជា) ។
សម្ដេចតេជោ បានញ្ជាក់ថា នេះគឺជាសាក្សីរស់ សម្រាប់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាគឺជាប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់កងទ័ព ថៃទើបនាំដល់ការមានជនភៀសសឹកមករស់នៅទីនេះ(មណ្ឌលសុវត្ថិភាពខេត្តព្រះវិហារ) ដែលជាអកុសល ហើយសូមឱ្យបរទេសទាំងឡាយ ដែលប្រកាន់សច្ចធម៌ និងនិយមសន្តិភាពសូមមើលឃើញឲ្យបាន ច្បាស់នូវទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះ ដោយសារការឈ្លានពានរបស់កងទ័ពថៃ»។
 សម្តេចតេជោ អះអាងថា កម្ពុជាប្រាថ្នាជាមិត្ត តែគេ(ថៃ)ចិញ្ចឹមចិត្តម្តងហើយម្តងទៀតដណ្តើមទឹកដីរបស់កម្ពុជា។ យ៉ាងណាក៏ដោយសម្តេចបានលើកឡើងទៀតថា ទំនាក់ទំនងរវាង កម្ពុជា និងថៃល្អ ឬអាក្រក់ឡើង ឬចុះវាអាស្រ័យលើថ្នាក់ដឹកនាំរបស់ទីក្រុងបាងកកតែប៉ុណ្ណោះ។
សម្តេចតេជោ ក៏បានបង្ហាញការសោកស្តាយផងដែរ ខណៈពេលនេះរឿងដែលមិនគួរកើតឡើងបែរជាកើតឡើង ដោយកម្ពុជាចង់បានតំបន់ដែលធ្លាប់តែច្បាំងគ្នា និងតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងប្រែក្លាយជាតំបន់មានសុខសន្តិភាព និងតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការល្អ ប៉ុន្តែជាអកុសលមានរឿងនេះកើតឡើង(ទាហានថៃឈ្លានពាន)នោះ៕

សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បង្ហាញអន្ដរជាតិថា ប្រជាជនកម្ពុជាបានភៀសខ្លួនដោយសារតែការគំរាមកំហែងរបស់ភាគីថៃ