វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ កញ្ញា ងី ងាន មន្ទីរព័ត៌មានខេត្តកែប
ខេត្ដកែប៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងផលប៉ះពាល់ពីបញ្ហាគ្រោះធម្មជាតិចំនួន១២គ្រួសារ មកពីស្រុកដំណាក់ចង្អើរ និងក្រុងកែប ខេត្តកែប បានទទួលផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុចំនួន១២ខ្នងផ្ទះ ពីគម្រោងស្តីពី ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋាន តំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់(CCA4CS)។
ពិធីសម្ពោធ និងប្រគល់ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុទាំង១២ផ្ទះនេះ ធ្វើឡើងនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងបានការចូលរួមពី លោក សុខ វណ្ណា ប្រធានគម្រោង UN-Habitat ប្រចាំកម្ពុជា ក៏ដូចជាមន្រ្តីរាជការពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ។
លោក សុខ វណ្ណា តំណាងគម្រោង UN-Habitat ប្រចាំកម្ពុជា បានលើកឡើងថា ការសម្រេចបានជាសមិទ្ធផលផ្ទះគំរូជូនប្រជាពលរដ្ឋទាំង១២ខ្នងផ្ទះនាថ្ងៃនេះ គឺដោយបានកិច្ចសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក អាជ្ញាធរ ឃុំ សង្កាត់ ដែលជួយជ្រោមជ្រែងរហូតសម្រេចបានជាលទ្ធផល១០០ភាគរយដូចពេលនេះ។
លោកបន្តថា គម្រោង UN-Habitat មានគោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច រួមមាន ការសង់ទ្វាស្ទាក់ទឹក ការស្ដាប្រឡាយទឹក ការសង់ផ្ទះគំរូធន់និងការប្រែប្រួលអាកាសធាតុ និងការដាំព្រៃកោងកាងជាដើម។
ឯកឧត្តមបណ្ដិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា តាមរយៈការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលចំពោះបងប្អូនប្រជាពលរដ្ឋ បានប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ និងខិតខំកៀងគរអង្គការដៃគូនានា ចូលមកកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ។ តួយ៉ាងតាមរយៈគម្រោង UN-Habitat ប្រជាពលរដ្ឋយើងដែលមានជីវភាពខ្វះខាតពិតប្រាកដ បានទទួលនូវផ្ទះសុវត្ថិភាពចំនួន១២ខ្នងផ្ទះ សម្រាប់រស់នៅ។
គួបញ្ជាក់ថា ការសង់ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុនេះ ត្រូវបានជ្រើសរើសដោយផ្អែកតាមលក្ខខណ្ឌមួយចំនួនដូចជា៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ, ប្រជាពលរដ្ឋក្រីក្រប្រភេទ១ ប្រភេទ២, ប្រជាពលរដ្ឋដែលមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួន, ប្រជាពលរដ្ឋជាចាស់ជរា ស្ត្រីមេម៉ាយ និងសមាជិកគ្រួសារច្រើន និង មិនអនុញ្ញាតិឱ្យផ្ទេរកម្មសិទ្ធិ ជួល បញ្ចាំ ធ្វើអំណោយ ក្នុងរយៈ៥ឆ្នាំគិតចាប់តាំងពីថ្ងៃប្រគល់ទទួលផ្ទះ៕