វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោក ង៉ុង សាន់ មន្ទីរព័ត៌មានខេត្តកែប
កែប៖ មន្ទីរព័ត៌មានខេត្តកែប បានបន្តចុះធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅតាមមូលដ្ឋាននៅទូទាំងខេត្តកែប ដោយក្នុងនោះក្រុមការងារមន្ទីរបានចុះទៅដល់សាលាឃុំពងទឹក និងសាលាឃុំអង្កោល ស្ថិតនៅស្រុកដំណាក់ចង្អើរ និងតាមសាលាសង្កាត់កែប សង្កាត់ព្រៃធំ សង្កាត់អូរក្រសារ និងនៅក្នុងផ្សារកែប ក្នុងក្រុងកែប យុទ្ធនាការនេះ ធ្វើឡើងក្រោមទិសស្លោក “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ”។
លោក ម៉ី វុធ មេឃុំស្តីទីឃុំអង្កោល បានអោយដឹងថា បច្ចុប្បន្នការទទួលបានព័ត៌មាន មានភាពងាយស្រួល ឆាប់រហ័ស និងទូលំទូលាយព័ត៌មានទាំងនោះមានចម្រុះទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ ព័ត៌មានក្លែងក្លាយពិតជាបានបង្កើតផលប៉ះពាល់ដល់សង្គមជាតិពិតមែន ធ្វើអោយប្រជាពលរដ្ឋរារែកក្នុងការសម្រេចចិត្ត ឬសម្រេចចិត្តខុស។
លោកបន្តថា ស្របពេលដែលស្ថានភាពព្រំដែនកម្ពុជា ថៃ កំពុងតានតឹង ព័ត៌មានជាច្រើនបានលេចឡើងក្នុងនោះ មានទាំងព័ត៌មានក្លែងក្លាយក៏ច្រើន។ ដើម្បីកុំឲ្យមានការភ័ណ្ឌច្រឡំលោកណែនាំអោយពលរដ្ឋទាំងអស់ ផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ថ្នាក់ដឹកនាំ មានផេគសម្តេចតេជោ សម្តេចធិបតី និងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នពាក់ព័ន្ធ ឬស្ថាប័នព័ត៌មានវិជ្ជាជីវ: ដែលអាចទុកចិត្តបាន។
លោក មាស សិត ជាប្រជាការពារភូមិអំពេង និងអ្នករត់តាក់ស៊ី បានអោយដឹងថា ពិតណាស់ព័ត៌មានក្លែងក្លាយ បានជះផលមិនល្អដល់សង្គម ជាពិសេសពលរដ្ឋនៅតាមជនបទ។ ការធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ បានជួយក្នុងការពញ្ញាក់ស្មារតីប្រជាពលរដ្ឋ អោយកាន់តែប្រុងប្រយ័ត្ន មុនជឿលើព័ត៌មានណាមួយដែលបានផ្សាយតាមបណ្តាញសង្គម។
គួរបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ កំពុងធ្វើឡើងនៅទូទាំងប្រទេស ក្រោយក្រសួងព័ត៌មាន បានប្រកាសបើកយុទ្ធនាការកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ លុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បំផ្លើស បំភ័ន្ត និងក្លែងបន្លំ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជូនដល់សាធារណជន និងអនុវត្តវិធានការចាំបាច់មួយចំនួន៕