ខេត្ដកែប៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃ គណៈអភិបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ និងលេីកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្ត
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានជំរុញដល់ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ទាំងអស់ត្រូវពិនិត្យលើរបាយការណ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានធ្វើការបូកសរុប ទៅតាមវិស័យរបស់ខ្លួននីមួយៗ ដើម្បីបំពេញបន្ថែមនៅចំណុចខ្វះចន្លោះលើទិន្នន័យ ឬអក្ខរាវិរុទ្ធ ធ្វើយ៉ាងណាឱ្យរបាយការណ៍នេះមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បាន កោតសរសើរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបាន ខិតខំអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ធ្វើឱ្យការងារនៅឆមាសទី១ ឆ្នាំ២០២៥ កន្លងមកនេះ សម្រេចបាន លទ្ធផលផ្លែផ្កា គួរជាទីមោទនៈ ទាំងនេះបង្ហាញឱ្យឃើញ ពីការសាមគ្គីភាព ឯកភាពគ្នា និងអនុវត្តន៍តាមផែនការដែលរដ្ឋបាលខេត្ត បានដាក់ចេញបានល្អប្រសើរ។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានស្នើឱ្យកងកម្លាំងទាំងបីមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាដែលអាចកេីតឡេីងក្នុងភូមិសាស្ត្រខេត្តកែប និងនៅតាមតំបន់ទឹកប្រវត្តិសាស្ត្រ អោយបានល្អ ត្រូវត្រៀបរៀបចំកម្មពិធីចុះសួរសុខទុក្ខកងទ័ពជួរមុខ ព្រមទាំងរៀបចំពិធីសំណេះសំណាលជាមួយសមត្ថកិច្ចជួរមុខក្នុងខេត្តកែប នៅដែនផ្ទៃសមុទ្រ និងសូមមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវរួមគ្នា និងជម្រុញអោយបងប្អូនប្រជាពលរដ្ឋយើងជៀសវាងការទុកដីទំនេរចោលងាកមកដាំណាំ បន្លែ ផ្លែឈើរ ហូបផ្លែ និងនាំគ្នាគាំទ្រផលិផលក្នុងស្រុក៕
អត្ថបទ៖ កញ្ញា ងី ងាន មន្ទីរព័ត៌មានខេត្តកែប