វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយមន្ទីរព័ត៌មានខេត្តប៉ៃលិន
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត បានមានប្រសាសន៍ជំរុញ ដល់ មន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់លើការងារស្នូលរបស់ខ្លួន ក្នុងនោះរដ្ឋបាលក្រុង/ស្រុក ត្រូវពង្រឹងភាព ម្ចាស់ការ និងការ ទទួល ខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍មុខងារ និងធនធាន នានា ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការ អភិវឌ្ឍន៍មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ស្របតាមការវិវត្តន៍រីក ចម្រើនរបស់សង្គមជាតិ ។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈ បញ្ជា ការឯកភាពខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរជំនាញអង្គរភាពពាក់ពន្ធ័ជុំវិញខេត្ត នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពិនិត្យ គ្រប់ផ្នែកលើបញ្ហា ផលប៉ះពាល់ ផ្នែកមុខរបរ អាជីវកម្ម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ដែលជួបផលលំបាក ខ្វះខាតពេលស្ថានភាពបច្ចុប្បន្ននេះ ។
ជាមួយគ្នានេះ លោកជំទាវ អភិបាលខេត្តប៉ៃលិន បាន កោតសរសើរ និងការវាយ តម្លៃ ខ្ពស់ចំពោះមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ប្រកប ដោយរស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការខិត ខំ ចូល រួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមគ្នាដោះស្រាយនូវរាល់សំណើសំណូមពរ និងបញ្ហាប្រឈមនៅ មូលដ្ឋាន ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍លើកឡើងពីការអនុវត្តន៍កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដោយឆ្នាំ២០២៥នេះ គឺជាឆ្នាំនៃការអនុវត្តផែនការ ៥ឆ្នាំ នៃកម្មវិធីជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាល ទី២ (២០២១- ២០៣០) ដែលមានចក្ខុវិស័យក្នុងការធ្វើឱ្យប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌ ដើម្បីរួមចំណែក សម្រេច ឱ្យបាននូវចក្ខុវិស័យដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រែក្លាយប្រទេសកម្ពុជា ឱ្យក្លាយទៅជា ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដូច្នេះ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ត្រូវបន្តយកចិត្តទុក ដាក់រៀប ចំផែនការសកម្មភាព និងថវិកា ក្នុងការអនុវត្តន៍កំណែទម្រង់នេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕