វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជជាណាចក្រកម្ពុជា ប្រចាំនៅសាធារណប៊ុលហ្គារី , ប្រទេសរ៉ូមានី , សាធារណរដ្ឋក្រិច និងសាធារណរដ្ឋស៊ិប ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី បានប្រាប់ទៅកាន់ភាគីសាធារណរដ្ឋស៊ីបថា កម្ពុជាប្រកាន់ជំហរ ដោះស្រាយរឿងនេះ ដោយសន្តិវិធី និងចង់បានតែសន្តិភាព ប៉ុណ្ណោះ។
ក្នុងជំនួបសម្តែងការរគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Haralambo Kafkaridfes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបប្រចាំនៅប៊ុលហ្គារីកាលពីរសៀលថ្ងៃទី២៧ ខែមិថុនាឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតជា ច័ន្ទបរិបូរណ៌បានលើកឡើងថា ភាគីកម្ពុជា ត្រូវការសន្តិភាព សហប្រតិបត្តការ គ្មានចង់មានទំនាស់ឡើយ ។ ដោយកម្ពុជាពុំដែលចង់បានទឹកដីពីប្រទេសណាមកវិញឡើយ កម្ពុជាត្រូវការពារទឹកដីដែលខ្មែរមាន ស្របតាមផែនទីដែលសម្តេចព្រះ នរោត្តម សីហនុ បានតម្កល់ទុកនៅអង្គការសហប្រជាជតិ ដែលជាផែនទីគូសដោយបារាំង ប៉ុណ្ណោះ។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ការជ្រើសយកវិវាទទៅដោះស្រាយនៅតុលាការ គឺជាការដោះស្រាយដោយសន្តិវិធី ប្រកបដោយភាពស៊ីវិល័យនៅក្នុងសង្គមប្រកបដោយរដ្ឋធម្មនុញ្ញ និងច្បាប់ នាពេលមានវិវាទកើតឡើង មនុស្សមិនគួរធ្វើអំពើគ្មានច្បាប់ ដូចជាការសងសឹក ឬប្រើកម្លាំង ដើម្បីដោះស្រាយវិវាទនោះទេ។ វិធីដ៏សមរម្យបំផុតក្នុងការដោះស្រាយវិវាទ គឺការបញ្ចូនសំណុំរឿងទៅតុលាការ ដើម្បីឲ្យមានការដោះស្រាយដោយសន្តិវិធី ប្រកបដោយភាពស៊ីវិល័យ និងយុត្តិធម៌។
តុលាការ ជាស្ថាប័នតែមួយក្នុងសង្គមដែលមានអំណាចផ្លូវច្បាប់ ដើម្បីបម្រើយុត្តិធម៌។ តុលាការដើរតួនាទីជាអ្នកកាត់ក្តី ដោយផ្អែកលើភស្ដុតាង ការស្នើសុំ និងនិតិវិធីស្របច្បាប់។ ដូច្នេះ អំពើនៃការជ្រើសយក បញ្ហាទៅតុលាការ គឺជាការបង្ហាញពីគុណធម៌នៃប្រជាធិបតេយ្យ និងការគោរពច្បាប់។
បន្ថែមពីនេះ ការដោះស្រាយនៅតុលាការមិនត្រឹមតែជាសន្តិវិធីប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយរកវិធីសម្រេចចុងក្រោយដែលមានសុពលភាពផ្លូវច្បាប់ ដែលគ្រប់ភាគីត្រូវគោរព។ វានាំឲ្យកើតមានសេរីភាពនៃទំនាក់ទំនង ការរស់នៅដោយមានសន្តិភាព និងការចៀសវាងអំពើហិង្សាឬកង្វល់ផ្សេងៗ។
ក្នុងនាមជាសមាជិកសង្គម យើងគួរមានការយល់ដឹង និងគោរពនីតិវិធីផ្លូវច្បាប់។ ការជ្រើសយកវិវាទទៅតុលាការ មិនមែនជាសញ្ញានៃភាពខ្សោយទេ ប៉ុន្តែវាជាសញ្ញានៃភាពអភិវឌ្ឍន៍ និងវប្បធម៌ច្បាប់របស់សង្គម។
នេះជាវិធីសាស្ត្រដែលប្រទេសអភិវឌ្ឍន៍នានា យកទៅអនុវត្តជារៀងរាល់ថ្ងៃ ដើម្បីធានាសិទ្ធិ និងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តមបញ្ជាក់ប្រាប់មិត្តបរទេសទៀតថា ការដោះស្រាយវិវាទតាមរយៈតុលាការ គឺជាវិធីសាស្ត្រដែលសមស្រប និងស៊ីវិល័យបំផុតក្នុងសង្គមសម័យទំនើប។ វាជាគន្លងនៃសន្តិភាព ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស។ ដូច្នេះ យើងគួរលើកស្ទួយ និងអភិវឌ្ឍវប្បធម៌នៃការដោះស្រាយបញ្ហាតាមផ្លូវច្បាប់ជានិច្ច។
ក្រៅពីបង្ហាញពីស្ថានភាពព្រំដែនកម្ពុជា-ថៃឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាក៏បានលើកឡើងពីការរីកចម្រើនទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័ផងដែរ។
កម្ពុជា និងសាធារណរដ្ឋស៊ីប បានចូលរួមសហការយ៉ាងសកម្ម ក្នុងគោលបំណងធ្វើឱ្យកាន់តែរឹងមាំចំណងមិត្តភាព បង្កើនការជជែកលើគោលនយោបាយ និងគាំទ្រគ្នាទៅវិញទៅមក លើបញ្ហាតំបន់ និងអន្តរជាតិក្រោមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុប និងអាស៊ាន។ ក្រៅពីនេះ ឯកឧត្តមក៏បានបង្ហាញពីសក្តានុពលរបស់កម្ពុជាទាំងសម្បត្តិធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែប ផងដែរ។
ឯកឧត្តមបញ្ជាក់ថា ប្រទេសយើងទាំងពីរមានឱកាសដ៏អស្ចារ្យក្នុងការចាប់ដៃគូសហការផ្នែកទេសចរណ៍ និងពង្រឹងការធ្វើពាណិជ្ជកម្មទៅវិញទៅមក ដោយផ្អែកលើការបង្កើតឱកាស ប្រកបដោយការគាំទ្រគ្នាទៅវិញទៅមក។ ក្រៅពីនេះឯកឧត្តម សង្ឃឹមថា ប្រទេសយើងទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសនៅក្នុងវិស័យព័ត៌មានជាតិ ដោយជឿជាក់ថា ព័ត៌មានគឺជាស្ពានសម្រាប់ភ្ជាប់ប្រជាជនប្រទេសយើងទាំងពីរ ឱ្យបានយល់ដឹង និងមានភាពជិតស្និទ្ធក្នុងមិត្តភាព។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបប្រចាំនៅប៊ុលហ្គារីបានគាំទ្រទាំងស្រុងការលើកឡើងពីសំណាក់ ឯកឧត្តម ជាច័ន្ទបរិបូរណ៌ ។ ជាចុងក្រោយ ភាគីទាំងពីរបានឯកភាពបង្កើតឱកាស ឱ្យមានការជួបគ្នារវាងសភាពាណិជកម្ម កម្ពុជា និង ស៊ីបបានជួបគ្នា និងសហប្រតិបត្តការលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៌ផងដែរ៕