វិទ្យុជាតិកម្ពុជា
គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ។
ក្នុងដំណើរដ៏វែងឆ្ងាយនៃការត្រួសត្រាយផ្លូវ ដើម្បីបុព្វហេតុជាតិ និងប្រជាជន, គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ឧបសគ្គច្រើនស្អេកស្កះរាប់មិនអស់ តាំងពីការតស៊ូប្រឆាំងអាណានិគមនិយម, សង្គ្រាមជិត៣០ឆ្នាំ ក្រោយរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០, ការបន្តបន្សាបឥទ្ធិពលមនោគមវិជ្ជាបំផ្លាញជាតិរបស់ក្រុមជ្រុលនិយម និងវេលាចុងក្រោយនេះ ការរារាំងមហិច្ឆតាថៃ ដែលចង់លេបទឹកដីកម្ពុជាថែមទៀត។
គណបក្សប្រជាជនកម្ពុជា កើតចេញពីចលនាស្នេហាជាតិរបស់កម្ពុជា ប្រឆាំងអាណានិគមនិយមបារាំង។ ក្នុងការកសាងខ្លួននៅក្នុងឆ្នាំ១៩៥១ គណបក្ស បានកត់សម្គាល់នូវពេលវេលាដ៏សំខាន់មួយក្នុងការពូនប្រមូលផ្តុំរបស់ជាតិ ដើម្បីការពារខឿនអធិបតេយ្យភាពជាតិ ខណៈគណបក្ស បានរៀបចំនិងបំផុសគំនិតប្រជាជន ដើម្បីឱ្យធ្វើការទាមទារឯករាជ្យ និងការសម្រេចចិត្តដោយខ្លួនឯង។ គឺនៅដើមទសវត្សរ៍នោះហើយ គេបានឃើញកម្មាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ធ្វើកិច្ចការលាក់ខ្លួននៅក្នុងស្រមោលនៃការគាបសង្កត់, ការកសាងបណ្តាញទូទាំងប្រទេស និងបានរួមចំណែកយ៉ាងធំធេង ដល់ការសម្រេចបានឯករាជ្យពេញលេញរបស់ប្រទេសកម្ពុជានៅឆ្នាំ១៩៥៣។ ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ នៅចំពេលដែលមានបរិយាកាសសង្គ្រាមត្រជាក់ក្នុងតំបន់ដ៏ច្របូកច្របល់ គណបក្សនៅតែប្តេជ្ញារក្សាឯករាជ្យភាពរបស់ប្រទេសកម្ពុជា និងជួយធ្វើកិច្ចការទាំងឡាយ ដើម្បីរក្សាអព្យាក្រឹតភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពនយោបាយសង្គម។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, ប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់៖
១/ ស្ថិរភាពនយោបាយ៖ ការបោះឆ្នោតទៀងទាត់ និងដោយសន្តិវិធីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹងជាស្ថាបត្យកម្មប្រជាធិបតេយ្យរបស់កម្ពុជាដ៏ពិតប្រាកដ។
២/ កំណើនសេដ្ឋកិច្ច៖ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រមាណ៧% ដែលភាគច្រើនមានក្នុងទសវត្សរ៍២០០០ និង២០១០ កម្ពុជាបានឈានចេញពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ប្រទេសកម្ពុជា បានបង្ហាញពីមហិច្ឆតាដ៏រឹងមាំរបស់ ខ្លួន នៅក្នុងការសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
៣/ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ថ្នល់ ស្ពាន អាកាសយានដ្ឋាន និងបណ្តាញថាមពល ត្រូវបានរៀបចំកាន់តែប្រសើរខ្លាំងឡើង ដោយភ្ជាប់ប្រជាជនពីជនបទ មកទីក្រុង និងទាក់ទាញការវិនិយោគពីបរទេស។
៤/ វឌ្ឍនភាពសង្គម៖ ការពង្រីកផ្នែកថែទាំសុខភាព ការអប់រំ និងការការពារសង្គមបានធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត និងកាត់បន្ថយអត្រាភាពក្រីក្របានច្រើនគួរឱ្យកត់សម្គាល់។
៥/ ការឆ្លើយតបកូវីដ-១៩៖ ការគ្រប់គ្រងជំងឺរាតត្បាតរបស់កម្ពុជា ត្រូវបានកោតសរសើរយ៉ាងទូលំទូលាយ រួមទាំងការទូតផ្នែកវ៉ាក់សាំង ដែលដឹកនាំដោយរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលថែមទាំងបានផ្តល់ជំនួយវ៉ាក់សាំងនេះ ដល់ប្រទេសជិតខាងក្នុងតំបន់ថែមទៀត។
៦/អ្នកការពារអធិបតេយ្យជាតិ និងរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ៖ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកការពារឯករាជ្យ បូរណភាពទឹកដី និងរក្សាសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ គណបក្សប្រជាជនកម្ពុជា ការពារយ៉ាងខ្ជាប់ខ្ជួននូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បេតិកភណ្ឌព្រះពុទ្ធសាសនា និងរក្សាគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធ ខណៈបន្តជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសជិត និងឆ្ងាយទូទាំងពិភពលោក។
៧/ គណបក្សជួយពង្រឹងឯកភាពជាតិ៖ ជាស្នូលរបស់ជាតិដែលមិនអាចខ្វះបាន, គណបក្សប្រជាជន នៅតែជាគណបក្សបង្រួបបង្រួមជាតិ អភិបាលកិច្ចរួមនិងស្ថិរភាព។ កេរដំណែលរបស់គណបក្ស ត្រូវបានផ្សារភ្ជាប់ជាមួយនឹងដំណើរផ្ទាល់ខ្លួនរបស់ប្រជាជនកម្ពុជា ដែលនាំប្រទេសចេញពីសង្គ្រាម ភាពបែកបាក់ ឆ្ពោះទៅកាន់សន្តិភាព និងការអភិវឌ្ឍ។ ដូចសម្តីពលរដ្ឋខ្មែរតែងនិយាយថា «ទីណាមានគណបក្សប្រជាជនកម្ពុជា ទីនោះមានសន្តិភាព និងការអភិវឌ្ឍ»៕