វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ៦ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីសក្តានុពលវិនិយោគ និងកាលានុវត្តន៍ភាពក្នុងវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា ជូនគណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី ដើម្បីជាការពិចារណា ពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា។
ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដឹកនាំដោយ លោកបណ្ឌិត Dato’ Sri Ricky Yaw ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ និងកាលានុវត្តភាពសេដ្ឋកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរស្វាគមន៍ចំពោះវត្តមានគណៈប្រតិភូ MCBA នាឱកាសនេះ និងបានជម្រាបជូនអំពីសាវតា ក៏ដូចជារចនាសម្ព័ន្ធដឹកនាំជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តម បានរំលេចអំពីបច្ច័យវិជ្ជមាននានាដែលជាហេតុនាំឱ្យកម្ពុជា ជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលបានបើកចំហរ និងផ្តល់នូវការលើកទឹកចិត្តជាច្រើនដល់សកម្មភាពវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ជាប្រភពនៃថាមពលស្អាតកកើតឡើងវិញ ហើយត្រូវបានរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។
ឯកឧត្តម ក៏បានជម្រាបទៅកាន់គណៈប្រតិភូធុរជនម៉ាឡេស៊ី អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។
គណៈប្រតិភូធុរជនម៉ាឡេស៊ីបានបង្ហាញនូវអារម្មណ៍កក់ក្តៅចំពោះការឆ្លើយតបរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៅកាន់សំនួរដែលបានលើកឡើង ដោយបានបញ្ជាក់ថា ពិតជាបរិបូរណ៍ដោយព័ត៌មានពិតប្រាកដជំរុញឱ្យមានការចាប់អារម្មណ៍ខ្ពស់ និងស្រាយបំភ្លឺនូវរាល់ចម្ងល់ផ្សេងៗ ក៏ដូចជាផ្នត់គំនិតចាស់ៗដែលធ្លាប់មានមកលើកម្ពុជានាពេលកន្លងមក។
លោកប្រធានសមាគមធុរកិច្ច បានបញ្ជាក់ថា សមាគមធុរកិច្ចម៉ាឡេស៊ី កម្ពុជា ត្រូវបានបង្កើតឡើងជាវេទិកាផ្សារភ្ជាប់ទំនាក់ទំនង និងការពង្រឹងភាពជាដៃគូរវាងធុរជន-វិនិយោគិននៃប្រទេសទាំងពីរ ហើយនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាឱកាសនេះ លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចដែលបានចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ រួមមាន សហគ្រាសធុនតូច និងមធ្យម (SMEs), ម៉ាកយីហោលំដាប់សកលរបស់ម៉ាឡេស៊ី, ការកែច្នៃផលិតផលកសិកម្ម, សង្ហារឹម, សំណង់ និង អចលនទ្រព្យ , អប់រំ, និង សុខាភិបាលជាដើម៕