វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
លោកឆាយ វិរៈ អភិបាលរងរាជធានីភ្នំពេញ ក៏ដូចជាសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់បានសន្យាគោរពអនុវត្តន៍ដោយឥតលក្ខណ្ឌចំពោះការដឹកនាំ និងគោលនយោបាយ សេចក្តីសម្រេច និងសេចក្តីណែនាំនានារបស់បក្សដើម្បីឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។
ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិមាន៧មករា រាជធានីភ្នំពេញលោកឆាយ វិរៈ បានបញ្ជាក់ថា សមាជិកសមាជិកាទាំងអស់បានប្រកាសគាំទ្រចំពោះគោលនយោបាយ និងចំណាត់ការចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជាថៃដើម្បីការពារអធិបតេយ្យរបស់ជាតិយើង។
លោកបញ្ជាក់ថា មូលហេតុដែលលោកក៏ដូចជាប្រជាពលរដ្ឋភាគច្រើនលើសលុប សម្រេចគាំទ្ររាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាជាអ្នកដឹកនាំនេះ ដោយសារតែយើងទាំងអស់គ្នាបានមើលឃើញពីកម្លាំងសាមគ្គីជាតិជុំវិញរាជរដ្ឋាភិបាល សន្តិភាព ស្ថេរភាពនយោបាយ អធិបតេយ្យជាតិបូរណភាពទឹកដី ត្រូវបានរក្សាយ៉ាងគត់មត់ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ព្រមទាំងធានាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពជីវភាពរបស់ប្រជាជនយើង។
«យើងខ្ញុំសូមបញ្ជាក់លើការប្តេជ្ញាចិត្តបន្តគាំទ្រលើកកម្ពស់តួនាទីដឹកនារបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល។ ប្តេជ្ញាអនុវត្តន៍នូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាឱ្យសម្រេចបានជោគជ័យជាបន្ត និងប្រឆាំងដាច់អហង្ការចំពោះការប្រមាទ និងការឈ្លានពានពីសំណាក់បរទេស។»
លោករឹត នឿន ជាចៅសង្កាត់រងទី១ សង្កាត់ចតុម្មុខ ខណ្ឌដូនពេញដែលបានចូលរួមអបអរសារទរពិធីនោះដែរបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់រាជដ្ឋាភិបាលកម្ពុជា ធ្វើឱ្យសង្គមជាតិរីកចម្រើនលើគ្រប់វិស័យ ជាពិសេសចាត់វិធានការច្បាស់លាស់ក្នុងការប្រឆាំងបរទេសឈ្លានពានទឹកដីកម្ពុជា។
នៅក្នុងឱកាសនោះ សម្ដេចតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព ដោយសម្តេចបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា ផ្សារភ្ជាប់ជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានទទួលខុសត្រូវ៕