វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៨ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់ រួមសុខរួមទុក្ខជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ ។
ថ្លែងក្នុងមីទ្ទិញអបអរសាទរ ខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) សម្តេចតេជោ បានគូសបញ្ជាក់នូវគោលបំណងនៃការប្រារព្ធពិធីនេះឡើងថា ធ្វើឡើងក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សមាជិក សមាជិកាគណបក្ស កម្មាភិបាល យុទ្ធជន យុទ្ធនារីដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរនៅគ្រប់ ទិសទី ដែលបានធ្វើការតស៊ូ និងលះបង់យ៉ាងធំធេង នៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមទាំងនេះ ធ្វើឱ្យប្រជាជាតិមាតុភូមិជាទីស្នេហានៃយើង បានស្ថិតស្ថេរ រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។
ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាបំផុតនេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយកម្លាំងចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិ ឱ្យគង់វង្សជារៀងរហូត។
"ឆ្លងកាត់រយៈពេល ៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជន កម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខ ជាមួយប្រជាជននៅគ្រប់ កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិ ទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម" ។
បន្ថែមលើនេះ សម្តេចតេជោ គូសបញ្ជាក់បន្ថែមថា បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបប ប្រល័យពូជសាសន៍នៅថ្ងៃទី៧ខែមករា ឆ្នាំ ១៩៧៩ មក គណបក្សបានដឹកនាំប្រទេស តាមមាគ៌ានយោបាយ មួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នា របស់ប្រជាជន និងសភាពការណ៍ជាក់ស្តែង សម្រេច បានសមិទ្ធផលដ៏ថ្លៃថ្លាបំផុត លើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរ ទាំងមូលបានរស់នៅយ៉ាងសុខសាន្ត ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន និងព្យាបាលបាននូវស្នាមរបួស ដ៏ឈឺចាប់បំផុតពីអតីតកាល៕