វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៨ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ឈរលើមូលដ្ឋានតថភាព នៃសមទ្ធិផលដែលគណបក្សប្រជាជនសម្រេចបាន និងកសាងឡើងបានកន្លងមក ធ្វើឱ្យប្រជាជនកម្ពុជា ឃើញច្បាស់អំពីសារជាតិ របស់គណបក្សប្រជាជនកម្ពុជា ដែលជាតំណាងនៃឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គឺជាគណបក្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារជាតិ ការកសាង និងថែរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបន្តដឹកនាំប្រជាជនឆ្ពោះទៅរកអនាគតដ៏រុងរឿងបាន។
ថ្លែងក្នុងមីទ្ទិញអបអរសាទរ ខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) សម្តេចតេជោហ៊ុន សែន បានគូសបញ្ជាក់បន្ទាប់ពីសម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រលើរបប ប្រល័យពូជសាសន៍ នៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩មក គណបក្សបានដឹកនាំប្រទេស តាមមាគ៌ានយោបាយមួយដ៏ត្រឹមត្រូវ ដែលស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ជាក់ស្តែង សម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាបំផុត លើគ្រប់វិស័យក្នុងការកសាង និងការពារមាតុភូមិ ធ្វើឱ្យប្រជាជាតិខ្មែរ ទាំងមូលបានរស់នៅយ៉ាងសុខសាន្ត ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងសន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន និងព្យាបាលបាននូវស្នាមរបួស ដ៏ឈឺចាប់បំផុតពីអតីតកាល ។
"លើមូលដ្ឋានតថភាពនេះ ប្រជាជនពិតជាបានឃើញច្បាស់ អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជាតំណាងនៃឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងជាគណបក្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារជាតិ ការកសាង និងថែរក្សាសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបន្តដឹកនាំប្រជាជន ឆ្ពោះទៅរកអនាគតដ៏រុងរឿងបាន"។
បន្ថែមលើនេះ សម្តេចតេជោ ថ្លែងបញ្ជាក់ថា សច្ចធម៌ខាងលើនេះ បានបញ្ជាក់ច្បាស់តាមរយៈការគាំទ្រ យ៉ាងច្រើនលើសលប់ របស់ប្រជាជនមកលើគណបក្ស នៅក្នុងរាល់ការបោះឆ្នោតកន្លងមក ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់មូលដ្ឋានឃុំ សង្កាត់៕