វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៨ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ក្នុងជំហរស្មោះត្រង់ឥតងាករេ ចំពោះគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ឥតប្រែប្រួល នូវគោលបំណងកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ។
ការថ្លែងរបស់សម្តេចតេជោ ប្រធានគណបក្សកាន់អំណាចខាងលើនេះ ធ្វើឡើងក្នុងមីទ្ទិញអបអរសាទរ ខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា ។
ថ្លែងក្នុងឱកាសនេះ សម្តេចតេជោ បានបញ្ជាក់ថា រាល់សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងរយៈពេលជាង ៤៦ឆ្នាំមកនេះ បន្ទាប់ពីជ័យជម្នះលើ របបប្រល័យពូជសាសន៍ប៉ុល ពត មានអត្ថន័យយ៉ាងធំធេងសម្រាប់ការឋិតថេរ និងរីកចម្រើនយូរអង្វែងរបស់ជាតិ។
ក្នុងនោះសម្តេចតេជោ ដឹងយ៉ាងណាស់ថា ផ្លូវទៅមុខទៀតនៅវែងឆ្ងាយ ដើម្បីសម្រេចទាំងស្រុងនូវក្តីប្រាថ្នារបស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្ថាបនាទឹកដីមាតុភូមិ និងប្រជាជាតិប្រកបដោយអរិយធម៌ ដែលគ្មានការកើតមានជាថ្មីនូវ គ្រោះមហន្តរាយដូចពីអតីតកាល។ ប៉ុន្តែពេលវេលាបានសាកល្បងរួចហើយនូវកម្លាំង ឆន្ទៈ ស្មារតី និងសមត្ថភាព ដែលគណបក្សប្រជាជនកម្ពុជា ពិតជាអាចយកឈ្នះបានលើរាល់ឧបសគ្គ និងការលំបាកនានាខាងមុខទៀត ក្នុងការកសាង និងការពារមាតុភូមិ ផ្អែកលើកម្លាំងសាមគ្គីឯកភាពជាតិដ៏រឹងមាំ។
"ក្នុងជំហរស្មោះត្រង់ឥតងាករេ ចំពោះគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងនាមគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមធ្វើការបញ្ជាក់នូវចំណុចមួយចំនួនដូចខាងក្រោម ១- គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ឥតប្រែប្រួល នូវគោលបំណងកសាង ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន, មានលទ្ធិប្រជាធិប តេយ្យចាក់ឫសជ្រៅក្នុងសង្គមជាតិ, មានការធានាចំពោះសមភាព សមធម៌ និងយុត្តិធម៌សង្គម, ប្រជាជនមានចំណេះដឹង និងការងារធ្វើកាន់តែប្រសើរ មានសុខភាពមាំមួន វប្បធម៌ថ្លៃថ្លា មានសាមគ្គី-ភាព និងជីវភាពរស់នៅសមរម្យ ដោយចាកផុតពីភាពក្រីក្រ ពីគ្រោះអវិជ្ជា និងពីអំពើហិង្សាគ្រប់ទម្រង់"៕