វិទ្យុជាតិកម្ពុជា ឈួន សំអាត 27-06-2025
ភ្នំពេញ៖ ឯកឧត្ដម ផាន់ វណ្ណរ័ត្នអនុប្រធានទី១ សហព័ន្ធតៃក្វាន់ដូ កម្ពុជាបានថ្លែងថា តាមរយៈព្រឹត្ដិការណ៍ប្រកួតកីឡាតៃក្វាន់ដូ អាយ ធី អេហ្វ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ រយៈពេល ៣ថ្ងៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ពិតជាឱកាសក្នុងការជួយផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ទៅដល់បណ្តាប្រទេសជាសមាជិកក្នុងតំបន់ និងពិភពលោកឱ្យបានដឹងកាន់តែច្រើនថែមទៀត មិនតែប៉ុណ្ណោះក៏ជាការបង្ហាញ អំពី សិល្បៈ វប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់សកលលោកទាំងមូល។
ឯកឧត្តម ផាន់ វណ្ណរ័ត្ន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលបានរៀបចំធ្វើកាលពីល្ងាចថ្ងៃទី២៧ ខែមិថុនានេះថា កីឡាពិតជាបាននាំមកនូវ សុខភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេស ទាំងក្នុងកម្រិតតំបន់ និងសកលលោក។ កម្ពុជាពិតជាមានមោទនភាព ដែលទទួលបានការអនុញ្ញាតឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយនេះ និងបានទទួលមិត្តភក្កិអាស៊ានដ៏ច្រើនមកស្នាក់នៅនិងធ្វើការប្រកួតប្រជែងយ៉ាងកក់ក្តៅនិងស្និទ្ធស្នាលក្រៃលែង។
ឯកឧត្តមបានបញ្ជាក់ថា គណៈកម្មការយើងខិតខំប្រឹងប្រែងទាញយកព្រឹត្តិការណ៍នេះ ក្នុងគោលបំណងចម្បងផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា ក្រោមម្លប់សន្តិភាព ដែលមានការអភិវឌ្ឍន៍ រីកចម្រើនយ៉ាងសំបូរបែប នៅគ្រប់រាជធានី/ខេត្ត ប្រាប់ទៅពិភពលោកឱ្យគេបានដឹងកាន់តែច្បាស់ បានមកលេងកម្សាន្ត និងស្វែងរកឱកាសវិនិយោគលើគ្រប់វិស័យនៅកម្ពុជា។
ឯកឧត្តមអនុប្រធានទី១បានបញ្ជាក់ទៀតថា ក្នុងកម្មវិធីបិទព្រឹត្តិការណ៍ កម្ពុជានឹងច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា "ភ្លើងគុន រួមមិត្ត" មានន័យថា តាមរយៈវិស័យកីឡា ឬ យុទ្ធគុនយើងបានបង្កើតមិត្តភាពទាំងក្នុងស្រុក ក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោក។ ហើយព្រឹត្តិការណ៍លើកនេះ កម្ពុជានឹងយកធ្វើជាបទពិសោធន៍ ដើម្បីធានាបានថា ព្រឹត្តិការណ៍បែបនេះសម្រាប់កម្ពុជា នឹងអូសទាញប្រទេសជាសមាជិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល មកចូលរួមឲ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យកីឡារបស់កម្ពុជាឲ្យរីកចម្រើនផង នឹងចូលរួមលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ តាមរយៈការស្នាក់នៅហូបចុក ការធ្វើដំណើរកម្សាន្តនានា ជាពិសេសតំបន់ទេសចរណ៍វប្បធម៌ប្រាសាទអង្គរវត្តដែលជាតំបន់ទាក់ទាញទេសចរល្អបំផុតរបស់កម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម ថ្នាក់ដឹកនាំ និងក្រុមការងារបានអំពាវនាវដល់យុវជន មហាជននាំគ្នាលេងកីឡា ដើម្បីសុខភាពមាំមួន ក្លាហាន រហ័សរហួន បញ្ញាវាងវៃ អាចចៀសផុតពីគ្រឿងញៀនផ្សេងៗ និងចូលរួមគាំទ្រព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់កីឡាករ កីឡាការិនីកម្ពុជាយើង។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ ប្រតិភូ និងកីឡាករ នឹងត្រូវបានអញ្ជើញឱ្យទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តវត្ដភ្នំ ព្រះបរមរាជវាំង សារមន្ទីជាតិ និងបានទស្សនាទេសភាពដ៏ស្រស់បំព្រង តាមដងវិថីមួយចំនួន ក្នុងរាជធានីភ្នំពេញ តាមរថយន្តក្រុង។ មិនតែប៉ុណ្ណោះ ក្រោយការប្រកួត កម្ពុជាក៏នឹងរៀបចំដំណើរទស្សនកិច្ច សម្រាប់កីឡាករ ដែលមិនទាន់អញ្ជើញទៅប្រទេសរបស់ខ្លួនវិញភ្លាមៗ បានធ្វើដំណើរទៅទស្សនាប្រាសាទអង្គរវត្ដ ក្នុងខេត្តសៀមរាបផងដែរ៕