នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

Narith | ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ៦ ២០២៥

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម Lawrence Wong នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី នឹងមានជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា។
ឯកឧត្តម Lawrence Wong នឹងមានជំនួបទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី ។
ដំណើរទស្សនកិច្ចនេះកើតឡើង ស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ៕

នាយករដ្ឋមន្ត្រីសិង្ហបុរី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា