វិទ្យុជាតិកម្ពុជា៖ ២៨ ០៦ ២០២៥
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា មានចក្ខុវិស័យវែងឆ្ងាយណាស់ ចំពោះអនាគតប្រជាពលរដ្ឋ និងបានឱ្យរួមគ្នាជាធ្នុងមួយ ជាមួយ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការពារបូរណភាពទឹកដី ពីចោរឈ្លានពាន ឱ្យបានដាច់ខាត។
ការលើកឡើងបែបនេះ របស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ បានធ្វើឡើង នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសបញ្ចូល សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន៥៧៧រូប នៅមន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា បងប្អូនទាំង៥៧៧រូបពិតជាមានសំណាងណាស់ ដែលត្រូវបាន ប្រកាសបញ្ចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំថ្ងៃកំណើតរបស់គណបក្សប្រជាជន កម្ពុជាលើកទី៧៤។គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដោយបានរំដោះប្រទេសជាតិ ចេញពីចំណុចសូន្យ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យ ប្រទេសជាតិ មានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ក្នុងពេលប្រឈមមុខដាក់គ្នានៅតាមព្រំដែន រវាងកម្ពុជានិងថៃ ទើបយើងបានដឹងនិងឃើញច្បាស់ពីអ្នកស្នេហាជាតិពិតប្រាកដ នោះគឹសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនការពារព្រំដែនតែជាមួយការឈ្លានពាន ពីទាហានថៃនោះទេ គឺកម្ពុជាបានការពារគ្រប់ព្រំដែន ជិតខាងទាំងអស់ ដោយមិនឱ្យប្រទេសណាមួយ រំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។ សូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត។
ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានបន្តទៀតថា ថ្នាក់ដឹកនាំ មានចក្ខុវិស័យវែងឆ្ងាយ ចំពោះអនាគត់ប្រជាពលរដ្ឋ។ សូមបងប្អូនដែលជា សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវរួមគ្នាជាធ្នុងមួយ ធ្វើដំណើរជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិយ ក្លាយជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ និងការពារ ដាច់ខាត បូរណភាពទឹកដីឱ្យបានគង់វង់្ស៕