អនុប្រធាន គ.ជ.ប ៖ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវ លុបចេញពីបញ្ជីបោះឆ្នោត ដើម្បីឲ្យពលរដ្ឋប្ដឹងតវ៉ា

Narith | ថ្ងៃទី 29 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ,  វ៉ាង ភក្តី ២៨ ០៦ ២០២៥

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែមិថុនានេះ បានបិទផ្សាយបញ្ជី បោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស ក្រោយពីបានធ្វើការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទៅលើបញ្ជី បោះឆ្នោតឆ្នាំ២០២៥ កាលពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា។

ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការបិទផ្សាយបញ្ជីបោះឆ្នោត ដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ នៅតាមបណ្តាឃុំ សង្កាត់មួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តម អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេសនេះ មានគោលបំណងអញ្ជើញប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ឬមានឈ្មោះក្នុងបញ្ជី បោះឆ្នោត ទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។

ឯកឧត្តម ជឺ ចំណាន បានបន្ថែមទៀតថា យោងតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ជនណាក៏ដោយ មានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍ អក្សរ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ ឬត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងក្រោយ។ ពាក្យបណ្តឹងអាចធ្វើឡើងជា ពាក្យបណ្ដឹងតវ៉ាអំពីការបាត់ ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនត្រឹមត្រូវនូវទិន្នន័យពាក់ព័ន្ធ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ ឬ/និងជា ពាក្យបណ្ដឹងជំទាស់ ចំពោះបុគ្គលណាម្នាក់ដែលមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជី បោះឆ្នោត ឬចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។

ឯកឧត្តម ជឺ ចំណាន បានគូសបញ្ជាក់ថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវ លុបចេញពីបញ្ជីបោះឆ្នោត ក៏មានបង្ហោះផ្សាយតាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធី ទូរសព្ទឆ្លាតវៃ (Mobile App) NEC KH ផងដែរ។

យោងតាម គ.ជ.ប បានឲ្យដឹងថា អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១៦៣.០៣៤នាក់។
ផ្អែកតាមលទ្ធផលបណ្តោះអាសន្នក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៥ គឺប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី នេះ មានចំនួនជាង១០​លាននាក់ ស្មើនឹង៩០,៥០ភាគរយ ធៀប​នឹ​ងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងទៅ ក្នុងនោះស្រ្តីមានចំនួនជាង៥លាននាក់។ 

បើតាមទិន្នន័យរបស់ គ.ជ.ប បង្ហាញថា អ្នកចុះឈ្មោះបោះឆ្នោតថ្មីក្នុងឆ្នាំ២០២៥នេះ មានចំនួនជាង ២២ម៉ឺននាក់ ខណៈអ្នកកែតម្រូវទិន្នន័យជីវប្រវត្តិមានចំនួនជាង១លាន៣​៤​ម៉ឺននាក់ និងអ្នកធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រមានជាង២លាន៥៦ម៉ឺននាក់។ ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីសរុប បានធ្វើឲ្យការិយាល័យ កើនដល់ចំនួន២៤.២៣៥ការិយាល័យ៕