ផ្លូវវិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី២៩ មិថុនាឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- អាជ្ញាធរសង្កាត់ស្ទឹងត្រែងបន្តសាងសង់ ផ្លូវបេតុងលេខ៨១ប្រវែងជិត៣០០ម៉ែត្របន្ថែមទៀត តភ្ជាប់ទៅផ្លូវបេតុងសម្តេចឪសម្តេចម៉ែនៅក្នុងភូមិភ្នំធាតុ ដើម្បីឱ្យប្រជាពលរដ្ឋយើងបានធ្វើចរាចរណ៍ទៅមក បានងាយស្រួល នៅក្នុងភូមិនេះ។
ក្នុងសកម្មភាពសាងសង់ផ្លូវបេតុងនៅភូមិភ្នំធាតុក្នុងសង្កាត់ ក្រុង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៥ លោកជា វណ្ណ ចៅសង្កាត់ស្ទឹងត្រែងបានបញ្ជាក់ថា៖នេះជាផ្លូវអាទិភាពមួយខ្សែទៀតសម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍និងឱ្យសិស្សានុសិស្សសាលាបឋមសិក្សាសម្តេចឪសម្តេចម៉ែបានជិះកង់ មករៀនបានងាយស្រួល មិនប្រឡាក់ដី ភក់ ដល់ខោអាវដូចមុនទៀតទេ ។
លោកបន្តថា៖នៅពេលសមិទ្ធផលនេះស្ថាបនារួចរាល់សូមបងប្អូនប្រជាពលរដ្ឋយើងជួយសម្អាតផ្នែកបរិស្ថាន ដើម្បីរស់នៅឱ្យមានសុខភាពល្អ ព្រោះរាជរដ្ឋាភិបាលបានចំណាយថវិកាអស់ជាច្រើនរយលានសម្រាប់សាងសង់ផ្លូវបេតុង ជំនួសផ្លូវគ្រួសក្រហម តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋយើង។
លោកស្រីឌុច គឹមហ៊ាន តំណាងឱ្យប្រជាពលរដ្ឋនៅភូមិភ្នំធាតុបានកត់សម្គាល់ឃើញថា៖នៅឆ្នាំ២០២៥នេះអាជ្ញាធរសង្កាត់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើនជាងឆ្នាំកន្លងមក ហើយផ្លូវមួយខ្សែនេះ នៅជាប់នឹងសាលារៀនផង ពលរដ្ឋយើងសប្បាយចិត្ត ព្រោះកូនចៅងាយនឹងធ្វើដំណើរមករៀនបានទាន់ពេលវេលា ។
ពួកខ្ញុំសប្បាយចិត្តមែនទែន សិស្សក៏មានសុវត្ថិភាពល្អ អីចឹងបានន័យថា សូមអរគុណដល់រាជរដ្ឋាភិបាលដែលបានធ្វើផ្លូវ ក្រោយសាលាសម្ដេចឪសម្ដេចម៉ែហ្នឹងបានល្អ ដោយសារតែសាលារៀនយើងក៏បានល្អ ហើយ បានផ្លូវហ្នឹងល្អទៀត កាន់តែសប្បាយចិត្តមែនទែន។
លោកប៊ុន ថនខេម៉ា តំណាងឱ្យសមាជិកក្រុមប្រឹក្សាសង្កាត់បានបញ្ជាក់ថា៖ជាមួយនឹងភាពសប្បាយរីករាយនេះ បានកើតឡើងពីអាជ្ញាធរសង្កាត់សហការជាមួយមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង រួមគ្នា ដោះស្រាយបញ្ហាបន្ទាន់ជូនប្រជាជនយើង ដោយចំណាយថវិកាមូលនិធិសង្កាត់ ២០២៤និង ឆ្នាំ២០២៥ ជាង១.០០០លានរៀល សម្រាប់ស្ថាបនាផ្លូវបេតុង នៅក្នុងភូមិភ្នំធាតុនិងភូមិព្រែក បានជិត៣គីឡូម៉ែត្រ និងស្តារប្រឡាយដោះទឹកបានជាង៧០០ម៉ែត្រផងដែរ ។
លោកបន្តថា៖ប្រជាពលរដ្ឋនៅក្នុងសង្កាត់បានស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរបរិច្ចាគថវិកាទិញអំពូលភ្លើងសូឡាដាក់បង្គោលបំភ្លឺនៅតាមមុខផ្ទះរៀងៗខ្លួន ហើយឯកឧត្តមសរសុពុត្រា អភិបាលខេត្តបានឧបត្ថម្ភអំពូលភ្លើងសូឡានេះបន្ថែមចំនួន៩៦សម្រាប់ ដាក់តាមដងផ្លូវនេះបំភ្លឺនៅពេលយប់ ធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ ហើយភូមិសង្កាត់មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ។
បន្ទាប់ពីការបានដាក់អំពូលហ្នឹងហើយយើងឃើញថា នៅកន្លែងនេះមានភាពអ៊ូអរទី១ ទី២ មករក្សាបាននូវសណ្ដាប់ធ្នាប់សន្តិសុខល្អ ជាពិសេសពេលយប់ ភ្លឺបានល្អ ហើយពីមុនមក តាមមតិរបស់ប្រជាពលរដ្ឋនៅតំបន់នេះ គឺមានក្រុម អ្នកដែលបង្កបញ្ហានៅក្នុងភូមិ ឥឡូវបានស្ងប់ស្ងាត់ហើយ ។
សូមបញ្ជាក់ថា៖នេះជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានធ្វើការផ្លាស់ប្តូរក្នុងការស្ថាបនាផ្លូវពីគ្រួសក្រហមមកជាផ្លូវបេតុងវិញ ដែលមានគុណភាពសម្រាប់ធ្វើចរាចរណ៍បានយូរអង្វែង ហើយនៅឆ្នាំ២០២៦ខាងមុខនេះ អាជ្ញាធរសង្កាត់ស្ទឹងត្រែងនឹងបន្តសាងសង់ផ្លូវបេតុងប្រវែង១.៥០០ម៉ែត្រទៀត នៅភូមិរាជានុកូល២ ភូមិព្រែក និងភូមិភ្នំធាតុ បន្តទៀត៕