តាកែវ៖ ឯកឧត្តមអភិបាលខេត្ត បន្តថា ដោយឡែក ចំពោះអាជ្ញាធរ និងសហគមន៍ទេសចរណ៍ដែលទទួលបន្ទុករមណីយដ្ឋានទន្លេបាទី ត្រូវតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីរក្សាបាននូវ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានល្អស្អាត។ នេះគឺជាកត្តាចាំបាច់បំផុតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តទីតាំងប្រវត្តិសាស្រ្តមួយនេះ ។
ខ្លឹមសារដែលបង្ហោះក្នុងផេកផ្លូវការ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបង្ហោះនៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ៣១ឆ្នាំក្រោយមក ទើបបានមកអង្គុយនៅទីនេះម្ដងទៀត រមណីយដ្ឋានទន្លេបាទី មានចម្ងាយត្រឹមតែ ៣៤គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ។ សូម ពុកម៉ែ មាមីង បងប្អូន កូនក្មួយ គាំទ្រវិស័យទេសចរណ៍ក្នុងស្រុកយើងផង ។ ***ដោយឡែកចំពោះអាជ្ញាធរ និងសហគមន៍ទេសចរណ៍ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណារក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថានល្អ ជាពិសេសត្រូវគោរពនូវវិធានម្ហូបអាហារ និងតម្លៃឲ្យបានសមស្របបំផុត។ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ។
ឯកឧត្តម វ៉ី សំណាង បញ្ជាក់ទៀថា អ្វីដែលកាន់តែសំខាន់នោះ គឺត្រូវតែ គោរពនូវវិធានម្ហូបអាហារ និងកំណត់តម្លៃឲ្យបានសមរម្យបំផុត។ ការធានានូវអនាម័យម្ហូបអាហារ និងតម្លៃដែលសមស្រប គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងទំនុកចិត្តពីភ្ញៀវទេសចរណ៍ និងលើកកម្ពស់កេរ្តិ៍ឈ្មោះរមណីយដ្ឋានទាំងមូល។ ការអនុវត្តន៍បានត្រឹមត្រូវនូវចំណុចទាំងនេះ នឹងជួយឲ្យរមណីយដ្ឋានទន្លេបាទីបន្តជាគោលដៅទេសចរណ៍ដ៏ពេញនិយម និងប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ ក៏ដូចជាបងប្អូនក្នុងសហគមន៍នេះផងដែរ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តាកែវ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ពុកម៉ែ មាមីង បងប្អូន ឬកូនក្មួយ សូមបន្តគាំទ្រវិស័យទេសចរណ៍ក្នុងស្រុករបស់យើង។ ការគាំទ្រនេះមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ រមណីយដ្ឋានដូចជាទន្លេបាទី គឺជាផ្នែកមួយនៃមរតកធម្មជាតិ និងវប្បធម៌របស់យើង ដែលគួរតែត្រូវបានថែរក្សា និងអភិវឌ្ឍប្រកបដោយនិរន្តរភាព៕