វិទ្យុជាតិកម្ពុជា ឈួន សំអាត ២៩-០៦-២០២៥
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងថា «កីឡាជាស្ពានដ៏សំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែមានភាពស្និទ្ធស្នាល តាមរយៈការលេងកីឡា និងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកជាផ្លូវការ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ពិធីបើកផ្លូវការនៃព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ ព្រមទាំងគណៈប្រតិបត្តិសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា អង្គទូតនានា កីឡាករ កីឡាការិនី មកពីបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៦ប្រទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា “ព្រឹត្តិការណ៍ប្រកួតកីឡា មិនត្រឹមតែជាការប្រកួតប្រជែង ដើម្បីដណ្តើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់ សម្រាប់ការបណ្តុះសីលធម៌ វិន័យ និងស្មារតី ទទួលខុសត្រូវខ្ពស់។ តាមរយៈការប្រកួតប្រជែងដោយយុត្តិធម៌ យើងរៀនសូត្រពីការគោរពគ្នា ការទទួលស្គាល់សមត្ថភាពអ្នកដទៃ និងការចេះអត់ធ្មត់ក្នុងការតស៊ូ។ ទាំងនេះ គឺជាគុណតម្លៃដ៏ថ្លៃថ្លា ដែលកីឡាបានផ្តល់ជូនយើងម្នាក់ៗ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សហគមន៍កីឡាបានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា និងបណ្តុះវប្បធម៌នៃការចូលរួមជាមួយគ្នា ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌សម្បុរ ឬសាវតារ ប៉ុន្តែផ្តោតជាភាសារួមគ្នា នៃការខិតខំប្រឹងប្រែងការងារជាក្រុម និងការគោរពគ្នាទៅវិញទៅមក។ ក្នុងន័យនេះ កីឡាជាស្ពានដ៏សំខាន់ ក្នុងការរក្សាទំនាក់ទំនង ល្អរវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឱ្យកាន់តែមានភាពស្និទ្ធស្នាល តាមរយៈការលេងកីឡា និងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។
មិនតែប៉ុណ្ណោះ កីឡាបានរួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខុមាលភាព ដែលជាកត្តាដ៏សំខាន់ នៃផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាប្រជាពលរដ្ឋដែលមានគំនិតច្បាស់លាស់ មានភាពងាយស្រួលក្នុងការចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនធនធានមនុស្សប្រកបដោយគុណភាព ដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ៕