វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (៣០ ០៦ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មជាង២៥ម៉ឺនកន្លែង សម្រាប់បំពេញសេចក្តីត្រូវការខ្សែសង្វាក់ផលិតកម្ម ស្របពេលដែលពលរដ្ឋខ្មែរ ជាពិសេសពលករកម្ពុជា រាប់សិបម៉ឺននាក់ ចាក់ចេញពីប្រទេសថៃ វិលមកកម្ពុជាវិញ បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែន ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន មេសា បានគូសបញ្ជាក់ថា មកដល់ម៉ោងនេះ ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការយកចិត្តទុកដាក់ និងណែនាំដោយផ្ទាល់ ដោយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី បាននិងកំពុងនៅរង់ចាំ ផ្តល់ព័ត៌មាន ក៏ដូចជារៀបចំចង្អុលបង្ហាញ នូវឱកាសការងារភ្លាមៗ ជូនពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ ដែលមានតម្រូវការការងារ ឆ្លើយតបនឹងជីវភាពរស់នៅប្រចាំថ្ងៃ ។
ក្នុងនោះឯកឧត្តម អ្នកនាំពាក្យបញ្ជាក់ថា រាល់ពលរដ្ឋខ្មែរ បន្ទាប់ពីបានឆ្លងចូលមកដល់ទឹកដីកម្ពុជា និងក្រោយពីបំពេញបែបបទ ជាមួយនគរបាលអន្តោប្រវេសន៍ហើយ គឺក្រុមការងារមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននៅរង់ចាំផ្តល់ព័ត៌មាន អំពីឱកាសការងារជូនពលករភ្លាមៗ នៅក្បែរទីតាំងច្រកព្រំដែនតែម្តង។
"ព័ត៌មានទាំងអស់នោះ គឺមាន៣ប្រភេទ គឺឱកាសការងារប្រមាណជា២៥ម៉ឺនកន្លែង មានន័យថា កម្ពុជា ត្រូវការការងារប្រមាណ ជាង២៥ម៉ឺន ពលរដ្ឋជាង២៥ម៉ឺនទៀត ដើម្បីបម្រើសេចក្តីត្រូវការ នៃសង្វាក់ពលកម្មរបស់កម្ពុជា ហើយនេះយើងនិយាយតែក្រុមហ៊ុនដែលបានចុះបញ្ជីនៅ CDC ចុះនៅក្រសួងទេ ចុះអាជីវកម្មគ្រួសារ ដែលគាត់អត់ប្រកាសជាសាធារណៈនោះទេ តែគាត់ប្រកាសសាច់ញាតិបងប្អូនភូមិផងរបងជាមួយគាត់អាចច្រើននាក់" ។
ឯកឧត្តម អ្នកនាំពាក្យ បានគូសបញ្ជាក់ថា ចំពោះតម្រូវការពលកម្មនៅក្នុងប្រទេសកម្ពុជា មានជាច្រើនខេត្ត តួយ៉ាងខេត្តកំពង់ស្ពឺមានប្រមាណជាង៦ម៉ឺននាក់ ខេត្តស្វាយរៀងជិត៤ម៉ឺននាក់ រាជធានីភ្នំពេញប្រមាណជាង៣ម៉ឺននាក់ កំពង់ឆ្នាំងប្រមាណជាង២ម៉ឺននាក់ ព្រមទាំងខេត្តរតនៈគិរី មណ្ឌលគីរី និងខេត្តស្ទឹងត្រែង ដែលជាខេត្តដាច់ស្រយាល ឆ្ងាយពីរាជធានីភ្នំពេញ ក៏មានតម្រូវការកម្លាំងពលកម្ម ដែលមានចំនួនប្រមាណរាប់ពាន់នាក់ផងដែរ ។
បន្ថែមលើនេះ ឯកឧត្តម ស៊ុន មេសា បញ្ជាក់ថា ក្រុមការងារនៃក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ មិនត្រឹមតែបានរង់ចាំផ្តល់ព័ត៌មានលម្អិត អំពីឱកាសការងារជូនពលករកម្ពុជា ដែលវិលមកវិញនោះទេ ក្នុងនោះក៏មានការប្រឹក្សាព័ត៌មាន អំពីការផ្តល់ឱកាសសិក្សារៀនសូត្រលើជំនាញបន្ថែម បន្ទាប់ពីសម្រាកពីការងារថែមទៀតផង ដល់ពលករគ្រប់រូប ដោយមានច្រើនវេនច្រើនជំនាញ៕