វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (៣០ ០៦ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា មកដល់ពេលនេះ ពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ បានចាកចេញពីប្រទេសថៃ ហើយវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីមានបញ្ហាព្រំដែន។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន មេសា បានឱ្យដឹងថា ការត្រឡប់មកវិញរបស់ពលរដ្ឋខ្មែរធ្វើឡើងស្របតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបារម្ភខ្លាច ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសថៃ រងការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរ និងពលរដ្ឋថៃ ។
"ខ្ញុំអាចបញ្ជាក់ថា គ្រាន់តែច្រកដូង គ្រាន់តែបាត់ដំបងមួយជាង៣ម៉ឺន៤ពាន់នាក់រួចទៅហើយ ហើយព័ត៌មានជាក់លាក់ អាចបញ្ជាក់សួរជាមួយនឹងខាងអគ្គអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ព្រោះលោកអ្នកកាន់បន្ទាត់ព្រំដែន ។ ពលរដ្ឋខ្មែរយើងនៅទីនោះ មានប្រមាណជាង១លាន ២សែននាក់ យើងនិយាយជាលេខមូល រាប់សិបម៉ឺននាក់ហើយ បងប្អូនឃើញហើយ យើងមកជាបន្តបន្ទាប់" ។
បន្ថែមលើនេះ ឯកឧត្តម អ្នកនាំពាក្យក្រសួងមុខងារ បានបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ពលករខ្មែរដែលវិលមកពីថៃវិញ ហើយចង់បានឱកាសការងារភ្លាមៗ មានប្រមាណជាង៤ពាន់នាក់ ដែលក្រសួងការងារបានប្រមូលទិន្នន័យបាន បន្ទាប់ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ បានរៀបចំឱ្យមានក្រុមការងារក្រសួង ចុះទៅប្រចាំការតាមច្រកព្រំដែនសំខាន់ៗ ក្នុងការផ្តល់ព័ត៌មានអំពីឱកាសការងារជូនពលករខ្មែរ៕