វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣០ ៦ ២៥
អន្តរជាតិ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) បន្តជួយឧបត្ថម្ភដល់ការផ្លាស់ប្តូរបៃតងរបស់វៀតណាម ជាពិសេសតាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុក្នុងពេលឆាប់ៗនេះសម្រាប់គម្រោងអន្តរកាលបៃតងចំនួន ១៥ ដែលមានតម្លៃជាង ២០ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ គម្រោងទាំងនេះពាក់ព័ន្ធនឹងធុរកិច្ចជប៉ុន ស្ថិតនៅក្រោមក្របខណ្ឌនៃសហគមន៍ការបំភាយអាស៊ីសូន្យ (AZEC) ហើយត្រូវបានណែនាំក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ទៅកាន់ប្រទេសវៀតណាមកាលពីខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបជាមួយប្រធាន JBIC និងគណៈប្រតិភូនៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវជំនឿថា រាល់ជំនួបរវាងភាគីទាំងពីរនឹងជួយជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ដោយអះអាងឡើងវិញនូវទំនាក់ទំនងវៀតណាម-ជប៉ុនដ៏រឹងមាំនិងរីកចម្រើន ដោយលោកក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំងពីរដោយផ្អែកលើការជឿទុកចិត្ត ភាពស្មោះត្រង់ និងប្រសិទ្ធភាព។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ JBIC ក្នុងកិច្ចសន្ទនាគោលនយោបាយ ក៏ដូចជាការផ្តល់ប្រាក់កម្ចីជាច្រើន ដើម្បីជំរុញការវិនិយោគរបស់ជប៉ុននៅវៀតណាម តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសំខាន់ៗ។ JBIC ក៏បានផ្តល់ប្រាក់កម្ចីសម្រាប់គាំទ្រគម្រោងវិនិយោគដោយសហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុន (SMEs) នៅវៀតណាមផងដែរ។ ថ្មីៗនេះ គឺបានផ្ដល់ប្រាក់កម្ចីជាង ៨០០ លានដុល្លារអាម៉េរិក ដើម្បីចាប់ផ្តើមគម្រោងឧស្ម័ន Block B ឡើងវិញ៕