វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣០ ៦ ២៥
អន្តរជាតិ៖ ប្រទេសម៉ាឡេស៊ី និងរុស្ស៊ីបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្តោតលើវិស័យដែលមានសក្តានុពលខ្ពស់ដូចជា ឧស្សាហកម្មហាឡាល និងកសិកម្ម បន្ទាប់ពីដំណើរទស្សនកិច្ចការងាររបស់លោកឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ថ្លែងក្នុងសន្និសីទសារព័ត៌មានលោកឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីនៅតែមានកម្រិតតិចតួច ដោយមានសរុបចំនួន ២,៤៨ ពាន់លានដុល្លារ។ ការនាំចេញសំខាន់ៗរបស់ម៉ាឡេស៊ីរួមមាន គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងអាហារកែច្នៃ។ លោកបានលើកទឹកចិត្តក្រុមហ៊ុនរុស្ស៊ីឱ្យវិនិយោគលើវិស័យយុទ្ធសាស្ត្រក្នុងប្រទេសម៉ាឡេស៊ី រួមមាន លំហអាកាស កសិ-បច្ចេកវិទ្យា ថាមពល បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុ និងផលិតកម្មហាឡាល។ លោកក៏បានស្នើឱ្យមានការស្រាវជ្រាវរួមគ្នាលើជីថ្នាំសម្លាប់សត្វល្អិត វិស្វកម្មកសិកម្ម និងបច្ចេកវិជ្ជាអាហារជាដើម។ ក្នុងវិស័យអប់រំ លោកក៏បានសម្តែងក្តីសង្ឃឹមថា ប្រទេសរុស្ស៊ីនឹងពង្រីកការផ្តល់អាហារូបករណ៍ដល់និស្សិតម៉ាឡេស៊ីក្នុងវិស័យដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត (AI) វិទ្យាសាស្ត្រទិន្នន័យ និងបច្ចេកវិទ្យាព័ត៌មាន។ ម៉ាឡេស៊ី ក៏កំពុងស្វែងរកលើថាមពលនុយក្លេអ៊ែរដែលជាយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់សន្តិសុខថាមពល ហើយចាត់ទុកដំណើរទស្សនកិច្ចនាពេលថ្មីៗនេះថាជាឱកាសដើម្បីយល់កាន់តែច្បាស់អំពីសុវត្ថិភាព បច្ចេកវិទ្យា និងប្រតិបត្តិការនៃរោងចក្រថាមពលនុយក្លេអ៊ែរ៕