វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣០ ៦ ២៥
អន្តរជាតិ៖ អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា អ្នកជំនាញនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មិនឃើញមានសញ្ញាណាមួយដែលបង្ហាញថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានគោលបំណងបង្កើតអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែពួកគេក៏មិនមានព័ត៌មានពេញលេញនោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ នៅពេលត្រូវបានសួរថា តើមានសញ្ញាណាមួយនៃកម្មវិធីអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ឬទេ? លោកបានឆ្លើយតបថា "យើងមិនបានឃើញពួកគេធ្វើអ្វីនោះទេ។ យើងមិនបានឃើញកម្មវិធីដែលមានគោលបំណងក្នុងទិសដៅណាមួយទេ"។ លោកបានបន្តថា IAEA "គឺបានវាយតម្លៃយ៉ាងស្មោះត្រង់អំពីស្ថានភាព" ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ បើតាមសារព័ត៌មាន CNN បានរាយការណ៍ដោយដកស្រង់ប្រភពនានាថា សហគមន៍ស៊ើបការណ៍សម្ងាត់អាម៉េរិកជឿជាក់ថាការវាយប្រហាររបស់អាម៉េរិកលើអ៊ីរ៉ង់មិនបានបំផ្លាញសមាសធាតុសំខាន់ៗនៃកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនោះទេ។ ការវាយតម្លៃបឋមបានបង្ហាញថា ការវាយប្រហាររបស់អាម៉េរិកគ្រាន់តែពន្យារពេលការទិញគ្រាប់បែកនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ក្នុងរយៈពេលជាច្រើនខែប៉ុណ្ណោះ។ ប្រភពបានកត់សម្គាល់ថា ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់មិនត្រូវបានបំផ្លាញនោះទេ។ ផ្ទុយទៅវិញលោករដ្ឋលេខាធិការសហរដ្ឋអាម៉េរិកបាននិយាយថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយទាំងនេះគឺ "មិនពិត" ហើយ "មិនបានឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវអំពីអ្វីដែលកំពុងកើតឡើងនោះទេ"៕