ពលរដ្ឋខ្មែរនៅថៃដែលត្រឡប់មកកម្ពុជាវិញ ក្នុងមួយថ្ងៃៗចន្លោះពី២៥០០ទៅ៣០០០នាក់

Narith | ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅនិងធ្វើការនៅប្រទេសថៃបានធ្វើដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ក្នុងចន្លោះពី២៥០០នាក់ទៅ៣០០០នាក់ ។ 

ឯកឧត្តម សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ថា បន្ទាប់ពីភាគីថៃបានប្រកាសបិទច្រកព្រំដែនជាឯកតោភាគីនៅតាមបណ្តាខេត្តទាំង៧ដែលមានព្រំប្រទល់ជាប់ជាមួយថៃកាលពីថ្ងៃទី២៣ខែមិថុនា រួចមក គឺជាមធ្យមក្នុងមួយថ្ងៃៗមានពលរដ្ឋខ្មែរត្រឡប់មកវិញប្រមាណពី២៥០០ទៅ៣០០០នាក់ ។
ឯកឧត្តមបន្តថា ចំពោះប្រជាពលរដ្ឋថៃត្រឡប់ទៅប្រទេសកំណើតខ្លួនឯងវិញ មានប្រមាណជា២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃៗ ។
“ចំពោះពលរដ្ឋខ្មែរយើង ថ្នាក់ដឹកនាំបានប្រកាសហើយ គឺយើងនៅបន្តទទួលរហូតទោះបីជាមានឯកសារ ឬគ្មានឯកសារឲ្យតែបញ្ជាក់ថា ជាពលរដ្ឋខ្មែរគឺទទួលយកចូលប្រទេសកម្ពុជាទាំងអស់”។
ចំពោះការផ្សព្វផ្សាយថា មានពលរដ្ឋខ្មែរ២នាក់ស្លាប់ដោយសារតែការរង់ចាំត្រឡប់មកកម្ពុជាវិញនោះ ឯកឧត្តម សុខ វាសនា បានអះអាងថា ជាព័ត៌មានមិនពិត គ្មានពលរដ្ឋខ្មែរណាស្លាប់នោះទេ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា យោធាថៃបានសម្រេចចិត្តបិទទ្វារព្រំដែនជាឯកតោភាគីដោយគ្មានជូនដំណឹងមកសមត្ថកិច្ចកម្ពុជានៅតាមបន្ទាត់ព្រំដែននោះ គឺទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសស្វាគមន៍ពលរដ្ឋខ្មែរទាំងអស់ឲ្យតែត្រឡប់មកវិញ ដោយមានមណ្ឌលសំចតនៅព្រំដែនកម្ពុជា ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតរៀងៗខ្លួន៕

ពលរដ្ឋខ្មែរនៅថៃដែលត្រឡប់មកកម្ពុជាវិញ ក្នុងមួយថ្ងៃៗចន្លោះពី២៥០០ទៅ៣០០០នាក់