កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានដឹកនាំធ្វើយុទ្ធនាការលើផ្ទៃសមុទ្រ ដោយប្រេីកម្លាំងសរុប ធនធានសរុប និងមធ្យោបាយសរុប ក្នុងការអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនេសាទគ្រប់ប្រភេទ ពិសេសការហាមដាច់ខាតការនាំចូលទំនិញ ប្រេងឥន្ធនៈ ឧស្ម័ន បន្លែ ផ្លែឈើមកពីប្រទេសថៃ ឆ្លងកាត់ដែនសមុទ្រខេត្តកែប។
យុទ្ធនាការនេះធ្វើឡើងនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួម ពីសំណាក់អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពចំណុះអោយរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ដោយប្រើប្រាស់អូប័រចំនួន៥គ្រឿង។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងថា កន្លងទៅទំនិញថៃមានការដឹកជញ្ជួនឆ្លងកាត់ខេត្តកែប ឆ្ពោះទៅប្រទេសទី៣ តបតាមទង្វើដែលថៃធ្វើមកលើកម្ពុជានាពេលថ្មីៗនេះ និងអនុវត្តន៍បញ្ជាដ៏ម៉ឹងម៉ាត់របស់ ប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត យើងកំពុងដាក់ចេញនូវគ្រប់មធ្យោបាយឈានទៅទប់ស្កាត់ឲ្យខានតែបាន ក្នុងការចរាចរណ៍ទំនិញពីប្រទេសថៃឆ្លងកាត់ទឹកដីខេត្តកែប។
ឯកឧត្តមបញ្ជាក់ថា យុទ្ធនាការនេះក្រៅពីការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ជុំវិញបិទការនាំចូលទំនិញមកពីថៃ គោលបំណងយុទ្ធនាការនេះក៏ដើម្បីពញ៉ាក់ស្មារតីដល់អ្នកនេសាទ ឲ្យបញ្ឈប់រាល់ការលួចលាក់ប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងដែនទឹកខេត្តកែប និងជាការពង្រឹងការអនុវត្តន៍ភារកិច្ចរបស់សមត្ថកិច្ចជំនាញរបស់យើង ក្នុងការត្រៀមបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មេីសនេសាទគ្រប់ប្រភេទ ស្របតាមច្បាប់ស្តីពីជលផល៕
អត្ថបទ៖ លោក ង៉ុង សាន់ មន្ទីរព័ត៌មានខេត្តកែប